បរទេស៖ ក្រុមអ្នកជួយសង្គ្រោះចំនួន ៥នាក់បានស្លាប់នៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីព្យុះទីហ្វុងណូរុ (Noru) បានវាយប្រហារប្រទេសនេះនៅភាគខាងជើង និងរដ្ឋធានីម៉ានីល ដែលបណ្តាលឱ្យមានទឹកជំនន់ និងបង្ខំឱ្យមនុស្សជាច្រើនត្រូវជម្លៀសចេញ។
លោក ដានីយែល ហ្វ៊ើនែនដូ អភិបាលខេត្តប៊ុលឡាឃែននៅភាគខាងជើងទីក្រុងម៉ានីលបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះចំនួន ៥នាក់បានស្លាប់ ខណៈដែលកំពុងប្រើទូកដើម្បីជួយអ្នកស្រុកដែលបានជាប់នៅក្នុងគ្រោះទឹកជំនន់។
ព្យុះណូរុបានវាយប្រហារឆ្នេរសមុទ្រក្នុងទីក្រុងប៊័រដេអូសក្នុងខេត្តកេហ្សូនមុនពេលអាធ្រាតថ្ងៃទី២៥ ខែកញ្ញា។ មនុស្សសរុបចំនួន ៧៤ ០០០នាក់ត្រូវបានជម្លៀសចេញ។
ប្រធានាធិបតីហ្វីលីពីន លោក ហ្វ៊ើឌីនែនដ៍ ម៉ារកូស បានបញ្ជាឱ្យបិទសាលារៀន ទីភ្នាក់ងាររដ្ឋាភិបាល និងផ្សារហ៊ុនរហូតដល់ថ្ងៃទី២៦ ខែកញ្ញា។ លោកក៏បានស្នើសុំឱ្យមានការចែកចាយជំនួយ និងសម្ភារៈចាំបាច់ឱ្យបានយ៉ាងឆាប់រហ័សទៅកាន់តំបន់នានាដែលរងផលប៉ះពាល់ខ្លាំងបំផុត។
ជាមួយនឹងខ្យល់បក់បោកក្នុងល្បឿន ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបង្កើនល្បឿនខ្យល់បក់ខ្លាំងរហូតដល់ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីថ្ងៃទី១៥ ខែកញ្ញានោះ បានធ្វើឱ្យព្យុះណូរុ ក្លាយជាព្យុះខ្លាំងបំផុតដែលវាយប្រហារប្រទេសហ្វីលីពីននៅក្នុងឆ្នាំនេះ។
កាលពីថ្ងៃទី២៦ ខែកញ្ញា ព្យុះទីហ្វុងបានរក្សាកម្លាំងរបស់ខ្លួនដោយផ្លាស់ទីទៅភាគខាងលិចនៃសមុទ្រខាងកើតក្នុងល្បឿន ៣០គីឡូម៉ែត្រក្នុងមួយម៉ោង និងល្បឿនខ្យល់ ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅថ្ងៃទី២៨ ខែកញ្ញាស្អែកនេះ វាត្រូវបានរំពឹងថានឹងវាយលុកនៅតំបន់កណ្តាលរបស់ប្រទេសវៀតណាម៕
ប្រភព៖ ក្រសួងព័ត៌មាន