Juventus បាន​ទាក់ទង​ម្នាក់​នេះ​! ដើម្បី​ត្រៀម​ជំនួស​លោក Allegri (​មាន​វី​ដេ​អូ​)

0

យោង​តាម​អ្នកកាសែត​អ៊ី​តា​លី​លោក Tancredi Palmeri បានអោយ​ដឹង​ថា​ក្រុម​សេះបង្កង់ Juventus កំពុង​ពិចារណា​បណ្តេញ​លោក Massimiliano Allegri ហើយ​បាន​ទាក់ទង​អ្នកចាត់ការ Tottenham Hotspur លោក Antonio Conte ។

អ្នកគាំទ្រ​មានការ​ត្អូញត្អែ​ជុំវិញ​ការ​ដឹកនាំ​របស់​លោក Allegri ដែល​ទទួល​បន្ទុក​ក្រុម Juventus ដោយ​ក្រុម​សេះបង្កង់​បាន​ចាប់ផ្តើម​រដូវ​កាល​ដ៏​ខកចិត្ត​មួយ ព្រោះថា​បច្ចុប្បន្ន​ពួក​គេ​ឈរ​នៅ​លេខ​រៀង​ទី 8 ក្នុង​តារាង Serie A ។

ក្រុម Juventus ឈ្នះ 2 ស្មើ 4 និង​ចាញ់ 1 ដង​ក្នុង​ការ​ប្រកួត​បើក​ឆាក 7 លើក​របស់​ពួក​គេ​។ លោក Allegri បាន​អះអាង​ថា​គាត់​មិន​ព្រួយបារម្ភ​អំពី​តួនាទី​របស់​គាត់​បន្ទាប់​ពី​ការ​បរាជ័យ​ក្នុងផ្ទះ 2-1 របស់ Juventus ក្រោម​ថ្វី​ជើង​ក្រុម Benfica ក្នុង​ក្របខ័ណ្ឌ Champions League ដោយ​និយាយ​ទៅ​កាន់ Daily Mail ថា​៖

«​ខ្ញុំ​មិន​មាន​អារម្មណ៍​ថា ការងារ​របស់ខ្ញុំ​នៅ​ទី​នេះ​មាន​គ្រោះថ្នាក់​ទេ​។ វា​ជា​រឿង​ធម្មតា​ទេ​ដែល​មាន​ពេលវេលា​មិនល្អ​នៅ​ក្នុង​បាល់ទាត់​។ យើង​ត្រូវ​ប្រឹងប្រែង​ធ្វើការ និង​ផ្លាស់​ប្តូរ​ស្ថានភាព​ដ៏​អាក្រក់​នេះ ហើយ​យើង​មាន​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​នាក់​ទៀត​រង​របួស​»​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​លោក Palmeri អះអាង​ថា​ប្រធាន​ក្លឹ​ប Juventus លោក Andre Agnelli បាន​ដក​ទំនុកចិត្ត​ពី​លោក Allegri ហើយ​ទំនាក់ទំនង​ដំបូង​ជាមួយ​លោក Conte ត្រូវ​បាន​ធ្វើ​ឡើង​។

Conte គឺជា​អតីត​អ្នកចាត់ការ​ទូទៅ​របស់ Juve ដោយ​បាន​បង្វឹក​ក្រុម​ពី​ឆ្នាំ 2011 ដល់ 2014 ដោយ​បាន​ឈ្នះ​ពានរង្វាន់ Serie A ចំនួន​បី​ដង​នៅ​ក្នុង​ពេល​នោះ​។

គ្រូបង្វឹក​ជនជាតិ​អ៊ី​តា​លី​បច្ចុប្បន្ន​កំពុងធ្វើការ​នៅ​ក្រុម​មាន់​ខ្នាយ​មាស ។ គាត់​បាន​ដឹកនាំ Spurs ឡើង​ដល់​ចំណាត់ថ្នាក់​លេខ 4 ក្នុង​លី​គ​កាលពី​រដូវ​កាល​មុន​។

អតីត​គ្រូបង្វឹក Chelsea និង Inter Milan កំពុង​មើល​ការ​ខុស​ត្រូវ​លើ​ការ​ចាប់ផ្តើម​ដ៏​អស្ចារ្យ​ក្នុង​យុទ្ធនាការ​ឆ្នាំ 2022-23 សម្រាប់​ក្រុម​ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍​។

Spurs បាន​ចាញ់​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ ហើយ​នោះ​គឺជា​ការ​ចាញ់ 2-0 ក្រោម​ថ្វី​ជើង​ក្រុម Sporting CP ក្នុង​ការ​ប្រកួត Champions League កាលពី​ថ្ងៃ​ទី 13 ខែកញ្ញា​។

បច្ចុប្បន្ន​ពួក​គេ​ឈរ​នៅ​លេខ​រៀង​ទី 3 ក្នុង​តារាង Premier League ដោយ​បាន​ឈ្នះ​ការ​ប្រកួត​ចំនួន 5 ក្នុង​ចំណោម​ការ​ប្រកួត​លី​ក​ចំនួន 7 ហើយ​លោក Conte នៅ​សល់​មួយ​ឆ្នាំ​ទៀត​លើ​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​ជាមួយ Spurs៕