សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ខ្លាំងបង្កជាជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចលង់ស្រុកមួយចំនួនក្នុងខេត្តសៀមរាបដូចជា ស្រុកវ៉ារិន អង្គរជុំ ស្រីស្នំ ជាដើម លោកឧត្តមសេនីយ៍ត្រី បានបញ្ជាទៅលោកអធិការដឹកនាំកម្លាំងចុះប្រតិបត្តិការសង្រ្គោះ និងជម្លៀសប្រជាពលរដ្ឋ ព្រមទាំងសត្វពាហនៈមកទីទួលសុវត្ថិភាពហើយ ។
លោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត បានបន្តទៀតថា ៖ ខណៈនេះ លោកបានបញ្ជាទៅកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឲ្យត្រៀមកម្លាំង សម្ភារ: និងមធ្យោបាយ ដេីម្បីចុះប្រតិបត្តិការអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ