Chelsea ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Brighton & Hove Albion កីឡាករ Marc Cucurella នេះបើយោងតាមអ្នកសារព័ត៌មាន និងអ្នកជំនាញការផ្ទេរកីឡាករលោក Fabrizio Romano ។
ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះបានក្លាយជាប្រធានបទនៃការផ្ទេរចេញពីក្លឹប ដោយ Manchester City ជាក្រុមដែលចាប់អារម្មណ៍ដំបូងគេក្នុងការចុះហត្ថលេខាលើគាត់។
ទោះជាយ៉ាងណាក៏ដោយការទាមទាតម្លៃរបស់ Brighton ចំពោះ Cucurella បានធ្វើឱ្យមានការលំបាកសម្រាប់ក្រុមមេឃខៀវ ក្នុងការផ្ទេរយកខ្សែការពាររូបនេះ។ ឥឡូវនេះវាបានបើកឱកាសសម្រាប់ Chelsea ដើម្បីព្យាយាមចុះហត្ថលេខាជាមួយខ្សែការពារដែលមានតម្លៃខ្ពស់រូបនេះ។
ក្រុមរបស់លោក Tuchel បច្ចុប្បន្នចង់ពង្រឹងក្រុមរបស់ពួកគេនៅមុនរដូវកាលថ្មី។ ការមកដល់របស់ Cucurella ពិតជាអាចពង្រឹងបន្ថែមក្នុងតំបន់ការពាររបស់ក្រុមតោខៀវ។
កីឡាករសញ្ជាតិអេស្ប៉ាញវ័យ 24 ឆ្នាំរូបនេះ គឺជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Brighton បន្ទាប់ពីការបង្ហាញទម្រង់ការពារដ៏រឹងមាំរបស់គាត់សម្រាប់ក្លឹប ។ គាត់បានបង្ហាញខ្លួនសរុបចំនួន 39 ប្រកួត ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់ និងបានជួយក្រុមរបស់គាត់រក្សា Cleansheet ចំនួន 10 លើក។
ខណៈពេលដែលការមកដល់របស់ Cucurella អាចជាការបន្ថែមដ៏ធំមួយសម្រាប់ក្រុមរបស់លោក Thomas Tuchel វាអាចប៉ះពាល់ដល់ពេលវេលាលេងរបស់កីឡាករ Chelsea មួយចំនួនផ្សេងទៀតដូចជា៖ Malang Sarr, Marcos Alonso និង Ben Chilwell៕