ភ្នំពេញ៖ ស្របពេលដែលកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នោះ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុនបានបង្ហាញនូវចំណាប់អារម្មណ៍ដោយលើកឡើងថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្ដមចង់សាកល្បងអ្វីនោះ គឺម្ហូបខ្មែរ។ “ខ្ញុំជាអ្នកគាំទ្រម្ហូបខ្មែរ ដែលខ្ញុំបានទៅភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ ពេលនេះ ខ្ញុំទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជាអាម៉ុក”។ ការលើកឡើងនេះ តាមរយៈសាររបស់ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន ជូនចំពោះប្រជាជនកម្ពុជា។ នេះបើយោងតាមស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
ក្នុងសាររបស់ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃស្អែកឯកឧត្ដមនឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូងក្នុងនាមជារដ្ឋមន្ត្រីការបរទេស។ ឯកឧត្ដមរដ្ឋមន្ដ្រីក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី អាបេ តាមរយៈការបង្ហូតទង់ជាតិពាក់កណ្តាលដងនៅក្នុងទូទាំងប្រទេសកម្ពុជា ហើយការផ្ញើលិខិត និងសាររំលែកទុក្ខជាច្រើន។ ឯកឧត្ដមរដ្ឋមន្ដ្រីការបរទេសជប៉ុនបានចាត់ទុកកាយវិការដ៏កក់ក្ដៅទាំងនេះ បានលើកទឹកចិត្តដល់ឯកឧត្ដមផ្ទាល់ ហើយធ្វើឱ្យឯកឧត្ដមរំភើបដោយដឹងថាមានមិត្តជាច្រើននាក់នៅប្រទេសកម្ពុជា។
ក្នុងសាររបស់ឯកឧត្ដមក៏បានរំលេចផងដែរថា ក្នុងទស្សនកិច្ចលើកនេះ ឯកឧត្ដមមានបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជានិងជប៉ុន។ កាលពីខែមីនាកន្លងទៅនេះ នាយករដ្ឋមន្ត្រី គិស៊ិដា បានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមដោយបង្ហាញពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ឯកឧត្ដមរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា “ប្រទេសជប៉ុន នឹងបន្តខិតខំធ្វើការដើម្បីអនុវត្តន៍សេចក្តីថ្លែងការណ៍រួមឱ្យចេញជាសហប្រតិបត្តិការជាក់ស្តែងជាមួយប្រជាជនកម្ពុជា”។
“ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំនឹងជួបពិភាក្សាជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាសមភាគីរបស់ខ្ញុំ ជាពិសេសអំពីការវិវត្តន៍នៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែស្នូលរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។ ខ្ញុំក៏នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសដែលពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ានផងដែរ”។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា។
ឯកឧត្ដមរដ្ឋមន្ដ្រីការបរទេសជប៉ុនក៏បានសម្តែងនូវការគោរពចំពោះឯកឧត្តម ប្រាក់ សុខុន រួមទាំងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលកិច្ចប្រជុំទាំងនេះក្នុងនាមជាប្រធានអាស៊ាន។ សហគមន៍អន្តរជាតិកំពុងប្រឈមបញ្ហាស្មុគស្មាញ ដូចជាបញ្ហានៅអ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូងជាដើម។ កិច្ចប្រជុំនានាដែលធ្វើឡើងក្នុងស្ថានភាពបែបនេះមានសារសំខាន់ជាវេទិកាមួយដើម្បីបញ្ជាក់ និងផ្សព្វផ្សាយពីតម្លៃ និងគោលការណ៍ដែលសហគមន៍អន្តរជាតិគួរតែប្រកាន់ខ្ជាប់។
ជាមួយគ្នានេះ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ក៏សូមជូនពរ សូមឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទាំងអស់ប្រព្រឹត្តិទៅដោយជោគជ័យ និងចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជាកាន់តែរីកចម្រើន៕
ប្រភព៖ ក្រសួងព័ត៌មាន