តារាឆ្នើម Cristiano Ronaldo របស់ក្រុម Manchester United ខ្សែប្រយុទ្ធ Liverpool កីឡាករ Mohamed Salah និងខ្សែប្រយុទ្ធ Alexandre Lacazette របស់ Arsenal ស្ថិតក្នុងចំណោមបេក្ខភាពប្រជែងដណ្តើមពានគ្រាប់បាល់ល្អបំផុតក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ។
គ្រាប់បាល់ទី២ ក្នុងចំណោមគ្រាប់បាល់ទាំងបីរបស់ Ronaldo ទល់នឹង Tottenham ក្នុងខែមីនា គ្រាប់បាល់ដ៏អស្ចារ្យរបស់ Salah ទល់នឹង Manchester City ក្នុងខែតុលា និងគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏ល្អរបស់ Lacazette ទល់នឹង Southampton ក្នុងខែធ្នូ គឺស្ថិតក្នុងចំណោមបេក្ខភាពទាំង 10 សម្រាប់ការប្រជែងពានរង្វាន់។
បេក្ខភាពផ្សេងទៀតរួមមាន Danny Ings របស់ Aston Villa ខ្សែបម្រើស្លាបរបស់ Everton កីឡាករ Andros Townsend ខ្សែបម្រើ Mateo Kovacic របស់ Chelsea និង Son Heung-min របស់ Tottenham។ ខ្សែបម្រើ Rodri របស់ Manchester City ខ្សែប្រយុទ្ធ Wilfried Zaha របស់ Crystal Palace និង Miguel Almiron របស់ Newcastle សុទ្ធតែបេក្ខភាពប្រជែងពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំរដូវកាល។
គួររំលឹកឡើងវិញដែរថា អ្នកឈ្នះពាននេះកាលពីឆ្នាំមុនគឺ Erik Lamela របស់ Tottenham ដែលជាគ្រាប់បាល់ទល់នឹងគូប្រជែងភាគខាងជើងទីក្រុងឡុងដ៍គឺក្រុម Arsenal នៅកីឡដ្ឋាន Emirates ។
បញ្ជាក់ផងដែរថា ការបោះឆ្នោតជាសាធារណៈរួមជាមួយក្រុមអ្នកជំនាញបាល់ទាត់ នឹងសម្រេចរកអ្នកឈ្នះ ដែលនឹងត្រូវប្រកាសនៅសប្តាហ៍ក្រោយ៕