បរទេស៖ លោក វីកតូរ ម៉ាឡេយ៉េវ ទីប្រឹក្សានាយកវិទ្យាសាស្ត្រនៃវិទ្យាស្ថានស្រាវជ្រាវជំងឺរាតត្បាតនៃសេវាសហព័ន្ធសម្រាប់ការឃ្លាំមើលសិទ្ធិអ្នកប្រើប្រាស់ ការការពារ និងសុខុមាលភាពមនុស្ស បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Russia-24 កាលពីថ្ងៃពុធថា លទ្ធភាពនៃការមេរោគអុតស្វា គឺមានកម្រិតទាបជាងការឆ្លងមេរោគកូរ៉ូណាវីរុសខ្លាំង ដែលវាទាក់ទងទៅនឹងវិធីផ្សេងគ្នានៃការឆ្លងវីរុស។
លោកបាននិយាយថា «ជាការពិតណាស់ កម្រិតនៃការឆ្លងរបស់វា គឺទាបជាងមួយ ដោយមានកម្រិតត្រឹមតែ ០,៥ ឬប្រហែលជាតិចជាងនេះផង បើប្រៀបធៀបការចម្លងនៃមេរោគអុតស្វាជាមួយនឹងមេរោគជំងឺកូវីដ-១៩ ដែលអ្នកជំងឺម្នាក់អាចចម្លងមេរោគជាមធ្យមទៅកាន់មនុស្សបួននាក់ទៀត។
យោងតាមអ្នកជំនាញបានឱ្យដឹងថា នេះ គឺដោយសារតែជំងឺអុតស្វា ជាធម្មតាត្រូវបានចម្លងតាមរយៈការទំនាក់ទំនងផ្ទាល់ ខណៈដែលមេរោគនេះកំពុងរីករាលដាលយ៉ាងសកម្មដោយការឆ្លងតាមខ្យល់ ដែលធ្វើឱ្យវាមានការឆ្លងកាន់តែច្រើន។
បន្ថែមពីលើនេះទៀត អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ស្ថានភាពជាមួយនឹងការឆ្លងរាលដាលនៃមេរោគនេះអាចនឹងមានការផ្លាស់ប្តូរនៅពេលណាមួយ ដូច្នេះប្រទេសរុស្ស៊ីគួរតែមានការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងនឹងមេរោគនេះក្នុងករណីណាមួយ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ លោកមិនឃើញអំពីតម្រូវការសម្រាប់ការចាក់វ៉ាក់សាំងការពារទ្រង់ទ្រាយធំនោះទេ។ លោកបានពន្យល់ថា «ប្រសិនបើមនុស្សពេញវ័យទទួលបានការចាក់វ៉ាក់សាំងនេះ ពួកគេអាចមានប្រតិកម្មខ្លាំងក្នុងការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ»។
កាលពីថ្ងៃអង្គារ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា នៅខាងក្រៅបណ្តាប្រទេសមួយចំនួនដែលកំពុងមានការឆ្លងជំងឺអុតស្វានេះដែលបានបាយការណ៍ដំបូងកាលពីថ្ងៃទី៧ ខែឧសភាមក ករណីដែលបានបញ្ជាក់មានចំនួន ១៣១នាក់ហើយដែលត្រូវបានចុះបញ្ជី និង ១០៦ករណីផ្សេងទៀតកំពុងត្រូវបានផ្ទៀងផ្ទាត់។
ជំងឺអុតស្វា គឺជាជំងឺវីរុសមួយដ៏កម្រ ដែលជាធម្មតាវាចម្លងមកមនុស្សដោយសត្វព្រៃ (ប្រភេទសត្វកកេរ និងសត្វព្រូន)។ រោគសញ្ញានៃជំងឺនេះរួមមាន គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ និងខ្នង កូនកណ្តុររីកធំ ញាក់ និងអស់កម្លាំង។ វាក៏អាចពាក់ព័ន្ធនឹងការឡើងកន្ទួលលើស្បែកផងដែរ។ យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ជាធម្មតាមេគុណនៃភាពស្លាប់ក្នុងអំឡុងពេលការផ្ទុះឡើងនៃជំងឺអុតនេះស្វាមានចាប់ពី ១ភាគរយទៅ ១០ភាគរយ ជាមួយនឹងចំនួនអ្នកស្លាប់ភាគច្រើននៅក្នុងក្រុមមនុស្សអាយុក្មេង៕
ប្រភព៖ ក្រសួងព័ត៌មាន