ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលបានត្រៀមថវិកាតាមរយៈការបង្កកថវិកាចំនួន៤០លានដុល្លារដើម្បីត្រៀម រៀបចំការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅក្នុងឆ្នាំ២០២២៣ខាងមុខនេះ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជាចូលរួមប្រកួតកីឡា SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កកថវិកានេះគឺសម្ដេចបានធ្វើចំនួន៤ឆ្នាំមកហើយ ដែលប៉ុន្មានថ្ងៃមុនសម្តេចបានចាប់ផ្តើមបង្កកថវិកាបន្ថែមចំនួន៣០ពាន់លានរៀល។ ដូច្នេះចំនួន៤ឆ្នាំ តម្រូវការរបស់យើងចំនួន១២០ពាន់លានរៀលត្រូវជា៤០លានដុល្លារ ដើម្បីរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣។ សម្តេចតេជោបានថ្លែងបញ្ជាក់ថា “យើងមិនយកតែលុយសម្រាប់ឆ្នាំ២០២៣ទេ គឺមកដល់ពេលនេះទើបឆ្នាំទី៣ ហើយឆ្នាំក្រោយយើងដាក់៣០ពាន់លានរៀលថែមទៀត អីចឹងថវិកាឡើងដល់១២០ពាន់លានរៀល ត្រូវជា៤០លានដុល្លារបម្រើឱ្យការប្រកួត។ អីចឹងទេចំណុចនេះហើយដែលខ្ញុំបានស្នើដល់ប្រជាពលរដ្ឋ និងកីឡាករ កីឡាការិនី និងមេដឹកនាអាស៊ានឱ្យមានការយោគយល់”។
សម្តេចតេជោនាយករដ្ឋមន្ដ្រីបានបន្ថែមថា កាលពីមុនសម្តេចបានសុំការយោគយល់ពីថ្នាក់ដឹកនាំអាស៊ានក្នុងការទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមដោយសារកម្ពុជាត្រូវការថវិកាក្នុងការអភិវឌ្ឍប្រទេស ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រជូនប្រជាជន។ ប៉ុន្ដែក្នុងឆ្នាំ២០២៣កម្ពុជាមានមូលដ្ឋានក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេមដោយសារមិត្តចិនបានជួយស្តារហេដ្ឋារចនាសម្ព័ន្ធមួយដ៏ធំសម្រាប់ការប្រកួតជាមួយមូលដ្ឋាន ដែលកម្ពុជាបានរៀបចំមួយចំនួនរួចហើយ បូកនឹងសមិទ្ធផលដូចជាពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាស្នារព្រះហសត្ថរបស់សម្តេចព្រះបរមរតនកោដ្ឋនៃយើងបន្សល់ទុកឱ្យកូនចៅប្រើប្រាស់ជំនាន់ក្រោយ។
សម្តេចតេជោបានអះអាងថា បើសិនប្រទេសកម្ពុជាគ្មានសង្គ្រាមនោះទេប្រហែលជាវិស័យកីឡារបស់យើងមានភាពរីកចម្រើនខ្លាំងជាងនេះឆ្ងាយ ពីព្រោះកាលនោះព្រះបរមរតនកោដ្ឋ បានយកចិត្តទុកដាក់ខ្លាំងណាស់៕
ប្រភព៖ ក្រសួងព័ត៌មាន