លោក​ខាងលិច គាំទ្រ​អោយ​អ៊ុយ​ក្រែ​ន វាយប្រហារ​ទៅ​លើ​ទឹកដី​រុ​ស្ស៊ី តាម​រយៈ​ការ​ផ្តល់​សព្វាវុធ

0

បរទេស៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី លោកស្រី ម៉ា​រី​យ៉ា ហ្សា​ខា​រ៉ូ​វ៉ា បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បណ្តា​ប្រទេស​លោក​ខាងលិច​កំពុង​អំពាវនាវ​ដោយ​បើកចំហ​ដល់​អ៊ុយ​ក្រែ​ន​ឱ្យ​វាយប្រហារ​ទៅ​លើ​ទឹកដី​រុ​ស្ស៊ី ដោយ​ប្រើប្រាស់​សព្វាវុធ​ដែល​ពួក​គេ​បាន​ផ្គត់ផ្គង់​ដល់ទី​ក្រុង​គៀវ​។

លោកស្រី​បាន​និយាយ​ថា «​យើង​បាន​ធ្វើ​អត្ថាធិប្បាយ​រួច​មក​ហើយ​កាលពី​ថ្ងៃមុន​ទៅ​លើ​សេចក្តីថ្លែងការណ៍​របស់​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស លោក James Heappey អំពី​ការ​ជំរុញ​ឱ្យ​មានការ​វាយប្រហារ​របស់​អ៊ុយ​ក្រែ​ន​ទៅ​លើ​គោលដៅ​យោធា​រុ​ស្ស៊ី​។ ម្យ៉ាងវិញទៀត លោក​ខាងលិច​កំពុង​អំពាវនាវ​ដោយ​បើកចំហរ​ដល់ទី​ក្រុង​គៀវ​ឱ្យធ្វើ​ការ​វាយប្រហារ​ទៅ​លើ​រុ​ស្ស៊ី ដោយ​អាច​ប្រើប្រាស់​សព្វាវុធ​ដែល​ទទួល​បាន​ពី​បណ្តា​ប្រទេស​របស់​អង្គកា​ណា​តូ​»​។

យោង​តាម​លោកស្រី ហ្សា​ខា​រ៉ូ​វ៉ា បានឱ្យ​ដឹង​ថា ទីក្រុង​គៀវ​បាន​យក​ចំណុច​នេះ​មក​ធ្វើ​ជា​ការ​ណែនាំ​សម្រាប់​អនុវត្ត​សកម្មភាព​កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មក ដោយ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​បាន​បាញ់​ផ្លោង​ទៅ​លើ​ទឹកដី​ព្រំដែន​រុ​ស្ស៊ី ហើយ​បាន​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់ និង​រង​របួស​មួយ​ចំនួន​។

អ្នកតំណាង​ម្នាក់​មក​ពី​ក្រសួងការបរទេស​រុ​ស្ស៊ី​បាន​ចង្អុលបង្ហាញ​ថា «​នេះ​ជា​ភស្តុ​តាង​បន្ថែម​ទៀត​ដែល​ថា របប​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​លេ​ន​ស្គី មាន​ភាព​មិន​ឯករាជ្យ​នៅ​ក្នុង​ការ​សម្រេចចិត្ត​របស់​ខ្លួន​ហើយ​ពឹងផ្អែក​ទៅ​លើ​អ្នក​ដោះស្រាយ​ពី​ខាងក្រៅ​»​។

លោកស្រី​ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា សកម្មភាព​ឧក្រិដ្ឋកម្ម​បែប​នេះ​របស់​យោធា​អ៊ុយ​ក្រែ​ន​ប្រឆាំង​នឹង​ទឹកដី​រុ​ស្ស៊ី​មិន​អាច​ឆ្លើយ​តប​បាន​ទេ​។ លោកស្រី ហ្សា​ខា​រ៉ូ​វ៉ា បាន​ចង្អុលបង្ហាញ​ថា «​ខ្ញុំ​ចង់ឱ្យ​ទីក្រុង​គៀវ និង​បណ្តា​រដ្ឋធានី​របស់​លោក​ខាងលិច យកចិត្តទុកដាក់​ឱ្យ​បាន​ខ្លាំង​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​របស់​យើង ដែល​ការ​បង្កហេតុ​បន្ថែម​ទៀត​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ការ​វាយលុក​គោលដៅ​របស់​រុ​ស្ស៊ី​នឹង​ពិតជា​នាំ​ឱ្យ​មានការ​ឆ្លើយ​តប​យ៉ាងធ្ងន់ធ្ងរ​ពី​រុ​ស្ស៊ី​»៕

ប្រភព៖ ក្រសួងព័ត៌មាន