អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារស្តាំរបស់ក្លឹប Aberdeen កីឡាករ Calvin Ramsay នៅរដូវក្តៅ នេះបើយោងតាមអ្នកកាសែតអាល្លឺម៉ង់ Christian Falk ។ Klopp មានពាក្យចចាមអារ៉ាមថាកំពុងសម្លឹងរកមើលការនាំយកខ្សែការពារស្តាំ ដើម្បីទុកសម្រាប់ជំនួសកន្លែង Trent Alexander-Arnold ។
Alexander-Arnold គឺជាកីឡាករដ៏សំខាន់បំផុតម្នាក់នៅ Liverpool ក្នុងប្រព័ន្ធរបស់លោក Jurgen Klopp ។ ខ្សែការពារពេញវ័យ 23 ឆ្នាំរូបនេះ គឺតែងតែបង្ករការគំរាមកំហែងឥតឈប់ឈរទៅលើគូប្រជេង ដោយសារតែសមត្ថភាពបញ្ជូនបាល់ដ៏ល្អរបស់គាត់។ Alexander-Arnold បានរួមចំណែករកគ្រាប់បាល់បានពីរគ្រាប់ និងបញ្ជូលបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី 18 លើកនៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ។
ទោះបីជាគាត់មានសារៈសំខាន់ចំពោះក្រុមក៏ដោយ ក៏ហង្សក្រហមមិនមានការបម្រុងគ្រប់គ្រាន់សម្រាប់តំណែងខ្សែការពារស្តាំនោះទេ។ ប្រព័ន្ធ gegenpressing របស់លោក Klopp គឺមានភាពខ្លាំងក្លា ដែលតម្រូវឱ្យកីឡាករម្នាក់ៗមានពេលសម្រាកខ្លះ បន្ទាប់ពីការប្រកួតជាប់គ្នាចំនួនពីរបីលើក។
ដូច្នេះហើយ Liverpool ត្រូវការកីឡាករសម្រាប់បម្រុងក្នុងតំណែងខ្សែការពារស្តាំ ហើយ Ramsay ជាកីឡាករម្នាក់ដែលបច្ចុប្បន្នមានទំនាក់ទំនងជាមួយនឹងការផ្ទេរទៅកាន់កីឡដ្ឋាន Anfield ។
កីឡាករជម្រើសជាតិស្កុតឡេនរូបនេះបច្ចុប្បន្នមានអាយុ 18 ឆ្នាំ។ ថ្វីត្បិតតែគាត់មានអាយុតិចក៏ដោយ Ramsay បានបង្ហាញខ្លួនចំនួន 31 ប្រកួតសម្រាប់ Aberdeen ក្នុងរដូវកាលនេះ ហើយបានចូលរួមចំណែករកគ្រាប់បាល់បានមួយគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន 9 ដងនៅគ្រប់ការប្រកួតទាំងអស់។
កីឡាករវ័យក្មេងរូបនេះក៏មិនតម្រូវឲ្យហង្សក្រហមចំណាយប្រាក់ច្រើនដែរក្នុងលក្ខខណ្ឌនៃតម្លៃផ្ទេរ និងប្រាក់ឈ្នួល។ យោងតាម Transfermarkt ខ្សែការពារវ័យ 18 ឆ្នាំរូបនេះបច្ចុប្បន្នមានតម្លៃ £540,000 ។
ទោះជាយ៉ាងណាក៏ដោយ ការចាប់អារម្មណ៍ពីក្លឹបនៅ Premier League ប្រាកដជានឹងធ្វើឱ្យតម្លៃកើនឡើងបន្តិច។ យោងតាម Sports Mole បានឲ្យដឹងថា Manchester United, Tottenham Hotspur និង Leicester City ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិស្កុតឡេនរូបនេះផងដែរនៅរដូវក្តៅ។
ទោះយ៉ាងណាក៏ដោយ Ramsay អាចត្រូវបានល្បួងឱ្យចូលរួមជាមួយ Liverpool ដើម្បីលេងជាមួយប្រធានក្រុមស្កុតឡេនកីឡាករ Andy Robertson ៕