គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp បានបង្ហើបថារបួសរបស់ Thiago Alcantara មិនធ្ងន់ធ្ងរទេ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានរងរបួសសរសៃពួរអំឡុងពេលកម្ដៅសាច់ដុំមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup នៅថ្ងៃអាទិត្យ។
Klopp បាននិយាយថា៖ «គាត់បានជាសះស្បើយហើយ ប៉ុន្តែមិនទាន់ពេញលេញ។ ដូចរាល់ដង អ្នកដឹងទេថាយើងពិបាកនឹងកំណត់ថាពេលណាគាត់អាចចូលទីលានប្រកួតឲ្យពិតប្រាកដនោះទេ។ ចុងសប្តាហ៍មិនប្រាកដទេថាគាត់នឹងអាចចូលរួមជាមួយពួកយើង ប្រហែលជាគាត់អាចនឹងបង្ហាញខ្លួនបានក្នុងជំនួបជាមួយ Inter Milan ក៏ថាបាន»។
គួររំលឹកដែរថា Thiago បានបង្ហាញខ្លួនចំនួន ២០ លើកសម្រាប់ក្រុមហង្សក្រហមនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ២ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបានមួយគ្រាប់៕