Jorginho បង្ហើប​ពី​ក្តី​ស្រមៃ មុន​ពេល​ចូលរួម​ជាមួយ​តោ​ខៀវ

0

ខ្សែបម្រើ Jorginho របស់ Chelsea បាន​សារភាព​ថា​គាត់ “​សុបិន​” ចង់​លេង​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក Manchester City លោក Pep Guardiola ។

គួរ​ជម្រាប​ថា គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​គ្រូបង្វឹក​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រកួត ដោយ​បាន​ឈ្នះ​ពានរង្វាន់ Premier League ចំនួន ៣ ដង ពានរង្វាន់​អឺរ៉ុប​ចំនួន ២ និង​ពានរង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

ទន្ទឹម​នឹង​នោះ​ដែរ Jorginho ត្រូវ​បាន​ចាត់​ទុក​ថា ជា​កីឡាករ​មួយ​ដែល​ទទួល​បាន​ភាព​ជោគជ័យ​បំផុត​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន ដោយ​បាន​រួមចំណែក​ជួយ​ឱ្យ Chelsea ឈ្នះ​ជើងឯក UEFA Champions League, UEFA Super Cup និង FIFA Club World Cup កាលពី​ថ្មី​ៗ​នេះ ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ Thomas Tuchel​។

នៅ​ជម្រើសជាតិ​អ៊ី​តា​លី​ឯនោះ​វិញ ខ្សែបម្រើ​ការពារ​រូប​នេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូ​បង្គោល Roberto Mancini ក្នុង​ការ​គ្រង​តំណែង​ជើងឯក​ពានរង្វាន់​អឺរ៉ុប EURO 2020​។

មុន​ផ្លាស់​មក​ចូលរួម​ទឹកដី Stamford Bridge កាលពី​ឆ្នាំ​២០១៨ ខ្សែបម្រើ​អ៊ី​តា​លី មាន​ដើម​កំណើត​ប្រេ​ស៊ី​ល​រូប​នេះ បាន​ទម្លាយ​ឱ្យ​ដឹង​ថា គេ​កៀក​នៅ​ក្នុង​ការ​ផ្ទេរ​ទៅ​ចូលរួម​ក្លិប Manchester City ទៅ​ហើយ ដោយសារ​គេ​មាន​ក្ដី​ស្រមៃ​ចង់​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola​។

Jorginho បាន​និយាយ​ថា​៖ “​ខ្ញុំ​មិន​គ្រោង​ផ្ទេរ​ទៅ Chelsea ទេ​។ ខ្ញុំ​ត្រៀម​ក្នុង​ការ​ផ្ទេរ​ទៅ​ក្លិប​មួយ​ផ្សេង​ទៀត​នៅ​អង់គ្លេស​។ ហើយ​បន្ទាប់​មក​វា​បាន​កើតឡើង ដូច​អ្វី​ដែល​បាន​កើតឡើង​អ៊ីចឹង ហើយ​ខ្ញុំ​បាន​មក​ដល់ Chelsea”​។

នៅ​ពេល​ដែល​ត្រូវ​បាន​សួរ​ពាក់ព័ន្ធ​នឹង​ក្ដី​ស្រ​ម៉ៃ​លេង​ក្រោម​ការ​បង្វឹក​ដោយ​លោក Guardiola, Jorginho បាន​ឆ្លើយ​ថា​៖ “​ខ្ញុំ​មាន​។ ខ្ញុំ​មិនដឹង​ថា​វា​នឹង​កើតឡើង​ឬ​អត់​ទេ​។ កាល​ខ្ញុំ​នៅ​ពី​ក្មេង ខ្ញុំ​បាន​មើលឃើញ​ក្រុម Barcelona របស់​គាត់​ឈ្នះ​គ្រប់យ៉ាង​ជាមួយ Ronaldinho, Xavi និង Iniesta”៕