ជាការពិតណាស់ Paris Saint-Germain ត្រូវការខ្សែប្រយុទ្ធម្នាក់ ដើម្បីចូលរួមនៅរដូវកាលក្រោយ ខណៈដែល Mauro Icardi និង Kylian Mbappé អាចនឹងចាកចេញ។
ជាក់ស្តែងដូចជា Mbappe បានប្រាប់ពីគម្រោងអនាគតរបស់ខ្លួនថា នឹងផ្ទេរទៅចូលរួម Real Madrid នៅដំណាច់រដូវកាលនេះ បើទោះបីជាមានការអង្វរយ៉ាងទទូចពីក្លិបបច្ចុប្បន្នរបស់គេ ក៏ដូចជាថ្នាក់ដឹកនាំនៅប្រទេសបារាំងក៏ដោយ។
យ៉ាងណាមិញ PSG បានសម្លឹងឃើញ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងម្នាក់ គឺកីឡាករ Amine Gouiri របស់ Nice ដែលមានកុងត្រារហូតដល់រដូវក្ដៅឆ្នាំ២០២៤។
នេះបើយោងតាមប្រភពពីអ្នកសារព័ត៌មាន Santi Aouna ដែលបានបង្ហោះនៅលើគណនី Twitter របស់ខ្លួន។ តាមពិតទៅ PSG ក៏ពេញចិត្តចំពោះសមត្ថភាពរបស់ Gouiri ដែលទើបមានវ័យ២២ឆ្នាំ ប៉ុន្ដែគេក៏មានទេពកោសល្យដែលជំរុញឱ្យអនាគតគេកាន់តែភ្លឺស្វាងលើវិថីបាល់ទាត់ដែរ។
ទោះយ៉ាងណា PSG នៅតែរង់ចាំការសម្រេចអនាគតរបស់ Mbappe ជាមួយពួកគេ ហើយប្រសិនបើខ្សែប្រយុទ្ធវ័យ២៣ឆ្នាំចាកចេញ ក្លិបអ្នកមានមួយនេះ នឹងមិនស្ទាក់ស្ទើរនោះទេ ក្នុងការដាក់សំណើផ្ទេរ Gouiri ពីក្លិប Nice៕