អ្នកចាត់ការរបស់ក្រុមស្ករគ្រាប់ Everton លោក Frank Lampard បានបង្ហាញការចាប់អារម្មណ៍ ចំពោះទេពកោសល្យរបស់កីឡាករ Van De Beek ថាជាកីឡាករពិសេស ខណៈដែលខ្សែបម្រើរូបនេះ មិនសូវលេចធ្លោ និងមិនទទួលឱកាសច្រើនឡើយកាលនៅ Manchester United។
ខ្សែបម្រើហូឡង់វ័យ ២៤ ឆ្នាំរូបនេះ បានផ្ទេរចេញពី Ajax មកចូលរួមជាមួយ Man United នៅឆ្នាំ ២០២០ ក្នុងតម្លៃផ្ទេ ៣៥ លានផោន (ប្រមាណ ៤៨លានដុល្លារ) ប៉ុន្តែរូបគេហាក់គ្មានឱកាសបានលេងនោះទេ ត្រឹមជាកីឡាករបម្រុងតែប៉ុណ្ណោះ។
នៅពាក់កណ្ដាលរដូវកាលនេះ Van De Beek ត្រូវបានផ្ទេរមកកាន់ Everton ក្នុងលក្ខខណ្ឌខ្ចីជើង ក្រោមការដឹកនាំដោយអ្នកចាត់ការថ្មី Frank Lampard ។ កន្លងមកនេះ រូបគេបានបង្ហាញខ្លួន ២ប្រកួតមកហើយ បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង ចំពោះការបង្ហាញទម្រង់លេងរបស់គេ។
យ៉ាងណាមិញ Frank Lampard បាននិយាយយ៉ាងដូច្នេះថា៖ ” ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ចំពោះការបង្ហាញសមត្ថភាព និងការហ្វឹកហាត់របស់គាត់ ទាំងកាយសម្បទារឹងមាំ ដែលធ្វើឲ្យគាត់ក្លាយជាកីឡាករដែលគ្រោះថ្នាក់បំផុត សម្រាប់គូប្រកួតផងដែរ។ ប្រសិនបើអ្នក មើលការហ្វឹកហាត់របស់គាត់ អ្នកនឹងមានការភ្ញាក់ផ្អើលខ្លាំង”៕