យោងតាមរបាយការណ៍បានឲ្យដឹងថា Gareth Bale បានចុះកិច្ចព្រមព្រៀម ត្រឡប់មកក្លិបចាស់របស់ខ្លួន Tottenham Hotspur វិញហើយ។
គួរជម្រាបថា Bale គឺជាអតីតកីឡាករនៅក្លិបមាន់ខ្នាយមាស ដែលបានផ្លាស់ចេញ ទៅក្លិបអធិរាជស Real Madrid នៅឆ្នាំ២០១៣ ក្នុងតម្លៃខ្លួន ៨៥លានអឺរ៉ូ (ប្រមាណ ៩៧លានដុល្លារ)។
យ៉ាងណាមិញ ខ្សែបម្រើវ័យ ៣២ឆ្នាំរូបនេះ បានផ្លាស់មក Spurs វិញកាលពីរដូវកាល ២០២០-២០២១ ក្នុងលក្ខខណ្ឌខ្ចីជើង ហើយត្រូវបានគេរំពឹងថា Bale នឹងផ្ទេរផ្តាច់មកក្លិបចាស់វិញ នៅរដូវក្តៅមុខនេះ។
យោងតាមកាសែត El nacional បានចុះផ្សាយថា Bale បានចុះកិច្ចព្រមព្រៀងត្រឡប់មក Spurs វិញតាំងពីបីខែមុនមកម្ល៉េះ ហើយនេះក៏ប្រហែលជាក្លិបចុងក្រោយ សម្រាប់កីឡាករសញ្ជាតិវេលន៍ មុនចូលនិវត្តន៍ពីអាជីពបាល់ទាត់។
គួររំលឹកថា Spurs ធ្លាប់បានដាក់សំណើរផ្ទេរយក Bale ត្រឡប់មកវិញ ម្ដងរួចមកហើយកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានបរាជ័យ ដោយ Real Madrid ធ្វើការទាមទារខ្ពស់ខ្លាំងពេក៕