អ្នកចាត់ការស្ដីទីរបស់ក្រុមបិសាចក្រហម Manchester United លោក Ralf Rangnick បានអះអាងថា លោកមិនមានបញ្ហាអ្វី ជាមួយកីឡាករ Jesse Lingard នោះទេ។
ជាការពិតណាស់ មានមតិជាច្រើន ដែលបានលើកឡើងរវាងអ្នកទាំងពីរ កាលពីសប្ដាហ៍មុន ចំពោះបញ្ហាចម្រូងចម្រាស់ពាក់ព័ន្ធនឹងអវត្តមានរបស់ Lingard ក្នុងការប្រកួត FA Cup កាលពីថ្ងៃសុក្រទល់នឹង Middlesbrough។
លោក Rangnick បាននិយាយថា Lingard បានសុំលោកសម្រាក បន្ទាប់ពីមិនអាចធានាការផ្ទេរចេញទៅក្លិបដទៃក្រោមលក្ខខណ្ឌខ្ចីជើងបាន ប៉ុន្ដែកីឡាករផ្ទាល់បានលើកឡើងថា វាជាការស្នើរបស់ក្លិបដែលអនុញ្ញាតឱ្យគេបានសម្រាក។
ទោះជាយ៉ាងណា លោក Rangnick ចង់ជម្រះនូវមន្ទិលដែលបានកើតមានឡើង ក្នុងការនិយាយទៅកាន់សារព័ត៌មាន ដើម្បីត្រៀមសម្រាប់ការប្រកួត Premier League ទល់នឹង Burnley។
អ្នកចាត់ការអាល្លឺម៉ង់រូបនេះបាននិយាយថា៖ “ចំពោះ Jesse ខ្ញុំមានទំនាក់ទំនងល្អជាមួយគេ។ យើងត្រូវតែសម្លឹងឆ្ពោះទៅមុខនៅពេលនេះ។ វាគ្មានបញ្ហាអ្វីកើតឡើងចំពោះខ្ញុំ និង Jesse ហើយនឹងអ្វីផ្សេងពីនេះទេ។ ខ្ញុំពិតជារីករាយដែលមានគេនៅក្នុងក្រុម ហើយគេនឹងជាសមាជិកក្រុមសម្រាប់ការប្រកួតថ្ងៃស្អែក”៕