ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Nike បានសម្រេចផ្ដាច់ការឧបត្ថម្ភដល់ខ្សែប្រយុទ្ធ Mason Greenwood របស់ Manchester United កាលពីថ្ងៃ ចន្ទ បន្ទាប់ពីកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានចាប់ខ្លួនពីបទសង្ស័យករណីរំលោភ និងបំពានផ្លូវភេទលើស្ដ្រីម្នាក់។
កីឡាកររូបនេះ ក្រោយមកក៏ត្រូវបានចាប់ខ្លួនពីបទសង្ស័យរំលោភផ្លូវភេទ និងគំរាមសម្លាប់ផងដែរ។ ប៉ុន្តែ Greenwood វ័យ ២០ ឆ្នាំត្រូវបានដោះលែងពីការឃុំខ្លួនកាលពីសប្តាហ៍មុន ដោយកំពុងរង់ចាំការស៊ើបអង្កេតបន្ថែមទៀត ប៉ុន្តែរូបគេនៅតែត្រូវបានផ្អាកពីការប្រកួតដោយក្លិប ដែលលេងនៅលីគ Premier League រហូតដល់មានការជូនដំណឹងបន្ថែម។
ក្រុមហ៊ុន Nike បានលើកឡើងកាលពីសប្តាហ៍មុនថា ពួកគេបានផ្អាកទំនាក់ទំនងរបស់ពួកគេជាមួយនឹង Greenwood ដោយសារពួកគេមានការព្រួយបារម្ភពីការចោទប្រកាន់។ ឥឡូវនេះពួកគេបានផ្តាច់ការឧបត្ថម្ភទាំងស្រុង ចំពោះកីឡាកររូបនេះហើយ ។
ក្រុមហ៊ុន Nike បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «Mason Greenwood មិនមែនជាអត្តពលិករបស់ Nike ទៀតនោះទេ »៕