អ្នកចាត់ការក្លិបអ្នកមានបុណ្យ FC Barcelona លោក Xavi Hernandez បាននិយាយលើកសរសើរខ្សែប្រយុទ្ធ Adama Traore នៅពេលដែលកីឡាកររូបនេះ លេងបានយ៉ាងល្អសម្រាប់ការប្រកួតជ័យជម្នះលើ Atletico Madrid។
Traore ធ្លាប់ទទួលបានឱកាសលេងតែម្ដងប៉ុណ្ណោះក្នុងក្របខណ្ឌ La Liga អំឡុងពេលគេនៅជាយុវជនរបស់ Barcelona ក្នុងឆ្នាំ២០១៣ ប៉ុន្ដែការត្រលប់មកវិញក្នុងខែមករានេះ ជាសម័យថ្មីមួយ សម្រាប់ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ។
លោក Xavi បានដាក់កីឡាករដែល Barcelona ខ្ចីជើងពី Wolves ឱ្យលេងក្នុងជម្រើស១១នាក់ដំបូង ក្នុងការប្រកួតនៅចុងសប្ដាហ៍នេះ ហើយពួកគេទទួលជ័យជម្នះ ៤-២។
ក្រោយចប់ការប្រកួតលោក Xavi បាននិយាយថា៖ «Adama ជាកីឡាករដែលមានគំនិតចាស់ទុំម្នាក់។ គេដឹងនៅពេលប្រឈមនឹងគូប្រកួត ពេលណាគួរបញ្ជូនបាល់ ហើយគេបានសម្រេចចិត្តត្រូវច្រើននាថ្ងៃនេះ»។
«យោងតាមផ្នែកកាយសម្បទា គេប្រៀបបាននឹងសត្វដែលមានកម្លាំងខ្លាំងមួយ។ គេជាខ្សែប្រយុទ្ធស្លាបពិតប្រាកដមួយរូប ហើយគេនឹងជួយយើងបានច្រើន។ គេជាកីឡាករដ៏អស្ចារ្យ ដែលបានផ្ទេរចូលក្រុម»៕