ប្រពន្ធ រួម​ដៃ​ជាមួយ​ប្តី​ចុង រៀបចំ​គម្រោងការណ៍​សម្លាប់​ប្តី​ដើម

0

ប៉ៃលិន​៖ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន លោក​វរសេនីយ៍ទោ មាឃ សា​រ៉​ន អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ពាក់ព័ន្ធ​ករណី​ឃាត់កម្ម​គិត​ទុកជា​មុន កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​ចំការ​ដំឡូង​មី ស្ថិត​នៅ​ក្នុងភូមិ​អូរ​កន្ធៀ​ង​វ៉ា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​សព​រង​គ្រោះ​មានឈ្មោះ ពិន សុខ​ខន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

បន្ទាប់​ពី​បើក​ការ​ស្រាវជ្រាវ សមត្ថកិច្ច​បាន​ហៅ​មុខសញ្ញា​ជនសង្ស័យ​ដែល​ត្រូវជា​គ្រួសារ​សព និង​ប្តី​ចុង​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ តាម​ចម្លើយ​ជនសង្ស័យ​ទាំង​ពីរ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​រៀប​គម្រោង​សម្លាប់ ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។

ជនសង្ស័យ​ទី​១-​ឈ្មោះ ខៀវ បញ្ញា (​ហៅ ក្អាត់​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​, ទី​២-​ជា​ប្រពន្ធ​ដែល​បាន​ផ្សំ​គំនិត​ឈ្មោះ ឈឹ​ម ឈ​ន អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ​រស់នៅ​ភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ជនសង្ស័យ​បាន​បន្ត​រៀបរាប់​ដំណើររឿង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​១៩​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២២ គឺ​គ្រួសារ​ជន​រង​គ្រោះ​(​ប្រពន្ធ​) និង​ប្ដី​ចុង​បាន​រៀប​គម្រោង​សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ​ដោយ​បាន​ដាក់​ថ្នាំ​បាញ់​ស្មៅទឹក​ខៀវ​លាយ​ជាមួយ​ស្រា ចំនួន​មួយ​កែវ​(​ស្រា​តិច ថ្នាំ​ទឹក​ខៀវ​ច្រើន​)​ឱ្យ​ប្ដី​ដើម​ផឹក នៅ​ពេល​ដែល​ជន​រង​គ្រោះ​មាន​សភាព​ពុល​ថ្នាំ​(​ប្រកាច់​) ទើប​ជនសង្ស័យ​ទាំង​ពីរ​បាន​លី​ទៅ​ចំការ​ដំឡូង​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​៤០០​ម៉ែត្រ ដោយ​ឃើញ​ជន​រង​គ្រោះ​មិន​ទាន់​ស្លាប់ ទើប​ជនសង្ស័យ​បាន​យក​ដំបង​សំពោង​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន ០៣​ដំបង​បន្ថែម (​ក្រោម​ភ្នែក​ថ្ពាល់​ខាងស្ដាំ ពីរ​ដំបង និង​កញ្ចឹងក មួយ​ដំបង​)​បន្ថែម​ទៀត​រួច​ក៏​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​នៅ អធិការដ្ឋាន នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕