ម៉ាក​សញ្ញា​មួយ​នេះ ជា​អ្នក​ផ្គត់ផ្គង់​ឈុត​ឯកសណ្ឋាន​ថ្មី​ ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា

0

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​ប្រកាស​ពី​ភាព​ជា​ដៃគូ​ជាមួយ​ម៉ាក VARAMAN ជា​អ្នក​ផ្គត់ផ្គង់​ឈុត​ឯកសណ្ឋាន​ផ្លូវការ ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ចាប់ពី​ឆ្នាំ ២០២២ នេះ​តទៅ ។

ម៉ាក VARAMAN គឺជា​ម៉ាក​ក្នុងស្រុក​ថ្មី បង្កើត​ឡើងជា​មួយ​គោលបំណង​ចង់ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រើប្រាស់​ឯកសណ្ឋាន​ដែល​រចនា និង​ផលិត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជា ផលិតផល​ដែល​ផលិត​ដោយ​ដៃ​បងប្អូន​ខ្មែរ​យើង​ផ្ទាល់ ដើម្បី​ប្រើប្រាស់​ក្នុង​ពេល​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ ។

ម៉ាក VARAMAN ( វរ្ម័ន ) គឺ​បាន​បំផុសគំនិត​ចេញពី​ព្រះ​បរម​នាម​ព្រះមហាក្សត្រ​ខ្មែរ​មួយ​ព្រះ​អង្គ ដែល​គួរ​ឲ្យ​កោតស្ញប់ស្ញែង គឺ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី ៧ ក្នុង​សម័យកាល​ដ៏​រុងរឿង​បំផុត​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ។ ពាក្យ​នេះ​ក៏​ជា​ពាក្យ​សំស្ក្រឹត​មួយ ដែល​មាន​ន័យ​ថា​អាវ​ក្រោះ ដែល​អត្ថន័យ​នេះ​ប្រៀប​បាន​ទៅ​នឹង​ឯកសណ្ឋាន​ក្រុម​ជម្រើសជាតិ​កម្ពុជា​យើង ជា​អាវ​ក្រោះ​ការពារ​ក្នុង​ពេល​ប្រកួត​ជាមួយ​អន្តរជាតិ ។

ឯកសណ្ឋាន​ផ្លូវការ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ឆ្នាំ ២០២២ នឹង​ចេញ​ជា​ផ្លូវការ​នៅ ខែឧសភា ឆ្នាំ ២០២២ សម្រាប់​ការ​ប្រកួត​ជម្រុះ​ជុំ​ទី ៣ នៃ​ពានរង្វាន់​បាល់ទាត់​ទ្វីបអាស៊ី ។ ដោយឡែក​សម្រាប់​ការ​ប្រកួត​ពានរង្វាន់​ជើងឯក​បាល់ទាត់​តំបន់​អាស៊ី​អាគ្នេយ៍ អាយុ​ក្រោម ២៣ ឆ្នាំ ឆ្នាំ ២០២២ ខាង​មុខ​នេះ VARAMAN នឹង​មាន​ឯកសណ្ឋាន​ដោយឡែក​ផ្សេង​ជា​ពិសេស​សម្រាប់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣ ឆ្នាំ​របស់​កម្ពុជា ៕