Paul Merson៖ Ronaldo បាន​បង្ករ​កំហុស​ដ៏​ធំ​មួយ​នេះ (​មាន​វី​ដេ​អូ​)

0

អ្នកវិភាគ Sky Sports លោក Paul Merson ជឿជាក់​ថា Cristiano Ronaldo ជំពាក់ Anthony Elanga នូវ «​ការ​សុំ​ទោស​ដ៏​ធំ​មួយ​» បន្ទាប់​ពី​គាត់​មាន​កំហុស​អំឡុង​ពេល Manchester United ឈ្នះ Brentford កាលពី​ល្ងាច​ថ្ងៃ​ពុធ​។

ជា​ការ​ពិត​ណាស់ Elanga បាន​រក​គ្រាប់​បាល់​បើក​ឆាក ខណៈ​ដែល​ក្រុម​របស់​លោក Ralf Rangnick បាន​បន្ត​ដើម្បី​ទទួល​បាន​ជ័យជម្នះ ៣-១ ។

ប៉ុន្តែ Ronaldo បាន​ដណ្តើម​យក​ចំណាប់អារម្មណ៍ បន្ទាប់​ពី​ប្រតិកម្ម​របស់​គាត់ ចំពោះ​កា​ប្តូរ​ចេញ​នៅ​ក្នុង​តង់​ទី​ពីរ​។ Ronaldo បាន​ត្រឡប់​ពីរ​បួស​ត្រគាក សម្រាប់​ការ​ប្រកួត ហើយ Rangnick បាន​ពន្យល់​ក្រោយ​ការ​ប្រកួត​ថា គាត់​ត្រូវការ​ជើង​ថ្មី​ល្បឿន​លឿន​ដើម្បី​ឱ្យ​ក្រុម​ទទួល​បាន​ជ័យជម្នះ​។

យ៉ាងណាមិញ​លោក Merson មាន​អារម្មណ៍​ថា Ronaldo បាន​ធ្វើ​ឲ្យ​ខូច​ពេល​ដ៏​សំខាន់​របស់ Elanga សម្រាប់ Man United ។ ពោល​គឺ ទស្សនិកជន​បាន​មើល​រំលង ចំពោះ​ការ​ស៊ុត​បញ្ចូល​ទី​របស់ Elanga បែរជា​ទៅ​ចាប់អារម្មណ៍​កាយវិការ​ខឹងសម្បា​របស់ CR7 ទៅ​វិញ​។

Merson បាន​សរសេរ​នៅ​លើ​កាសែត Daily Star ថា «Cristiano Ronaldo ជំពាក់ Anthony Elanga នូវ​ការ​សុំ​ទោស​ដ៏​ធំ​មួយ​» ។ «​ក្មេង​ប្រុស​ដ៏​កំសត់​រូប​នេះ បាន​ចាប់ផ្តើម​ការ​ប្រកួត Premier League លើក​ដំបូង​របស់​ខ្លួន ក្នុង​រដូវ​កាល​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​ឱ្យ Manchester United ។ ហើយ​បន្ទាប់​មក Ronaldo ត្រូវ​បាន​ប្តូរ​ចេញ និង​មាន​កាយវិការ​មិន​ស័ក្តិសម​។ ពេល​ដែល​វា​បាន​កើតឡើង ដូចដែល​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​មិត្ត​រួម​ការងារ​របស់ខ្ញុំ​ថា​៖ «​អ្នក​មើល អ្នក​នឹង​មិនដឹង​ថា​ក្មេង​ប្រុស​ដ៏​ល្អ​នេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទីនោះ​ទេ​»៕