Benzema អាច​នឹង​ចែកផ្លូវ​ជាមួយ Real Madrid បើសិនជា​ក្លិប​ធ្វើ​រឿង​មួយ​នេះ​!

0

ខ្សែប្រយុទ្ធ​បារាំង Karim Benzema ត្រូវ​បាន​គេ​រាយការណ៍​ថា អាច​នឹង​ចាក​ចេញពី Real Madrid ប្រសិនបើ​កីឡាករ​គោលដៅ​របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ យល់ព្រម​ផ្ទេរ​មក​នោះ​។

ជា​ការ​ពិត​ណាស់ Benzema បាន​ក្លាយជា​ផ្នែក​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​ក្រុម ដោយ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី ១៧ គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន ៧ លើក​រួច​មក​ហើយ ពី​ការ​បង្ហាញខ្លួន ២០ លើក​សម្រាប់​ក្របខ័ណ្ឌ La Liga ក្នុង​រដូវ​កាល​នេ​។

ទោះជា​យ៉ាងណា បើ​យោង​តាម​សារព័ត៌មាន El Nacional បាន​អះ​អា​ថា កីឡាករ​វ័យ ៣៤ ឆ្នាំ​រូប​នេះ កំពុង​តែ​ពិចារណា​ចាក​ចេញពី​រដ្ឋធានី​អេ​ស្ប៉ា​ញ បន្ទាប់​ពី​ចាយ​ពេល​អស់ ១៣ ឆ្នាំ​នៅ​ក្លឹ​ប ក្រោយ​បញ្ចប់​ការ​ផ្ទេរ​មក​ពី​ក្រុម Lyon នៅ​ក្នុង​ឆ្នាំ ២០០៩ ។

ប្រភព​ដដែល​នេះ បាន​បង្ហាញ​ទៀត​ថា Benzema ហាក់​មិន​សប្បាយចិត្ត​ជាមួយនឹង​ការ​ព្យាយាម​របស់​ក្លិប Madrid ក្នុង​ការ​តាម​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Kylian Mbappe និង Haaland នោះ​ទេ ដោយសារ​តែ​វា​នឹង​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​ធ្លាក់​ចុះ នៅ​ទឹកដី Bernabeu ។

ជាមួយ​គ្នា​នោះ កិច្ចសន្យា​របស់ Benzema ដែល​នឹង​ត្រូវ​ផុតកំណត់​នៅ​រដូវក្តៅ​ឆ្នាំ ២០២៣ ប្រធាន​ក្លឹ​ប Real Madrid លោក Florentino Perez នៅ​តែ​ចង់​ផ្តល់​កុងត្រា​បន្ថែម​ទៀត​សម្រាប់​រូបគេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ កីឡាករ​រូប​នេះ ហាក់​មិន​ព្រម​ទទួលយក​នោះ​ទេ ។

ប្រភព​ខាងលើ បាន​បន្ត​ទៀត​ថា ជាមួយនឹង​ការ​ចាប់អារម្មណ៍​របស់​ក្លិប Paris Saint-Germain អាច​នឹង​ធ្វើ​ឲ្យ Benzema ចាប់អារម្មណ៍ ជា​ពិសេស​ប្រសិនបើ​លោក Zinedine Zidane ត្រូវ​ចូល​កាន់​តំណែង​នៅ​ក្លិប ក្នុង​រដ្ឋធានី​ប្រទេស​បារាំង​៕