កីឡាករ Cristiano Ronaldo បានឈ្នះពានរង្វាន់ដ៏ពិសេសមួយរបស់ FIFA បើទោះបីជាខ្សែប្រយុទ្ធរបស់ក្រុម Manchester United រូបនេះ មិនមានឈ្មោះក្នុងចំណោមបេក្ខភាព ៣រូបចុងក្រោយសម្រាប់ពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំក៏ដោយ។
ខ្សែប្រយុទ្ធព័រទុយហ្កាល់វ័យ ៣៦ឆ្នាំរូបនេះ ក្លាយជាកីឡាករបាល់ទាត់ដែលរកគ្រាប់បាល់ច្រើនបំផុត សម្រាប់ក្រុមជម្រើសជាតិ កាលពីខែកញ្ញា ឆ្នាំ២០២១ នៅពេលដែលគេរកគ្រាប់បាល់ពីរគ្រាប់ ក្នុងការប្រកួតសម្រាប់ក្រុមព័រទុយហ្កាល់ទល់នឹងសាធារណរដ្ឋអៀរឡង់។
បច្ចុប្បន្ន Ronaldo រកគ្រាប់បាល់សរុបបាន ១១៥គ្រាប់ ពីការបង្ហាញខ្លួនលើទីលាន ១៨៤លើកសម្រាប់ក្រុមព័រទុយហ្កាល់ ដោយបានជួយពួកគេគ្រងជើងឯក EURO 2016។
យ៉ាងណាមិញ ក្រៅពីឈ្នះពាន FIFA Special Award ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ ក៏មានឈ្មោះនៅក្នុងជម្រើស ១១នាក់ល្អបំផុត FIFA FIFPro Men’s World XI ផងដែរ៕