អតីតតារាឆ្នើមក្រុមបិសាចក្រហម Paul Scholes បានបង្ហាញថាលោក Antonio Conte និង Mauricio Pochettino ជាជម្រើសកំពូលពីររបស់គាត់ ដើម្បីជំនួសលោក Ralf Rangnick ជាអ្នកចាត់ការ Manchester United ។
គួររំលឹកថា បិសាចក្រហមបានតែងតាំងលោក Rangnick ជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ពួកគេនៅក្នុងខែវិច្ឆិកា ដោយគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ បានចូលកាន់តំណែងជំនួសពីលោក Ole Gunnar Solskjaer រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
ជាការពិតណាស់ Rangnick បានដឹកនាំការប្រកួតសម្រាប់ ក្រុមបិសាចក្រហម ៥ ប្រកួតមិនដែលចាញ់សោះ បន្ទាប់ពីបានបរាជ័យក្រោមថ្វីជើង Wolves កាលពីដើមខែ ហើយទើបតែបានយកឈ្នះ Aston Villa ក្នុងពានរង្វាន់ FA Cup កាលពីល្ងាចថ្ងៃចន្ទ។
Scholes បានចោទសួរអំពីការតែងតាំងលោក Rangnick ដោយនិយាយថាវាជា “ការភ្ញាក់ផ្អើល” ដែលអ្នកចាត់ការដែលមានពានរង្វាន់តិចតួចប៉ុណ្ណោះត្រូវបានទទួលបន្ទុក ហើយបានបង្ហើបថាគាត់ចង់ឱ្យ Conte ឬ Pochettino ចូលកាន់តំណែងនៅចុងបញ្ចប់នៃរដូវកាលនេះបើអាចទៅរួច៕