ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានរាយការណ៍ថា កំពុងចាប់អារម្មណ៍អ្នកចាំទីកំពុងលេចធ្លោម្នាក់នៅ La Liga ដើម្បីមកជំនួសតំណែងអ្នកចាំទីដៃទី២ Neto ដែលស្នើសុំចាកចេញ។
អ្នកចាំទី Neto បច្ចុប្បន្ននៅតែជាកីឡាកររបស់ Barcelona នៅឡើយ ប៉ុន្ដែគេចង់ចាកចេញពីទឹកដី Camp Nou ក្នុងរយៈពេលជាង ៦ខែមកហើយ។
អតីតអ្នកចាំទីរបស់ Valencia រូបនេះចង់មានឱកាសលេងបានទៀងទាត់នៅក្នុងក្រុមមួយ បន្ទាប់ពីគេត្រូវបានចាត់ទុកថា ជាដៃទី២ជំនួស Marc-Andre ter Stegen តាំងពីមកដល់ Barcelona ក្នុងឆ្នាំ២០១៩។
យ៉ាងណាមិញ គេបានខកឱកាសក្នុងការផ្ទេរចេញកាលពីរដូវក្ដៅកន្លងទៅ ប៉ុន្ដែ Neto បានប្ដេជ្ញាថា គេនឹងចាកចេញពីក្លិបនៅក្នុងទីផ្សារដោះដូរបច្ចុប្បន្ននេះ។
យោងតាមប្រភពពី Ekrem Konur បានរាយការណ៍ថា Neto ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបប្រេស៊ីល Flamengo ហើយគេក៏ចង់ចាកចេញទៅចូលរួមក្លិបនេះផងដែរ។
ប្រភពខាងដដែលក៏បានអះអាងថា Barcelona ចាប់អារម្មណ៍ក្នុងការផ្ទេរ អ្នកចាំទី Stole Dimitrievski ដែលកំពុងលេងនៅក្លិប Rayo Vallecano ដើម្បីមកជំនួស Neto។ ប៉ុន្ដែពួកគេអាចប្រឈមនឹងការលំបាក ស្របពេល Vallecano មិនចង់បាត់បង់តួអង្គសំខាន់នៅក្នុងក្រុមរបស់ពួកគេ ដែលកំពុងចង់ប្រជែងយកកៅអីលេងពានអឺរ៉ុបរដូវកាលក្រោយ៕