ប្រធានក្រុមរបស់ Manchester United កីឡាករ Harry Maguire បានលើកឡើងត្រង់ៗថា មិនខ្វះទេក្លិបដែលចង់បានគាត់ទៅរួមក្រុម ប៉ុន្តែគាត់ចង់មកលេងនៅទឹកដី Old Trafford ដោយសារគាត់ចង់ឈ្នះពាននៅទីនេះ និងចង់ធ្វើឱ្យក្រុមបិសាចក្រហមត្រឡប់មករកស្ថានភាពដូចកាលជំនាន់លោក Sir Alex Ferguson វិញ។
គួរបញ្ជាក់ថា ខ្សែការពាររបស់ក្រុមតោកំណាចអង់គ្លេស បានផ្លាស់ចេញពីក្រុម Leicester City មកចូលរួមជាមួយ Man UTD នៅឆ្នាំ ២០១៩ ក្នុងតម្លៃ ៨០ លានផោន ឬប្រមាណជា (១០៩ លានដុល្លាអាមេរិក) ខណៈពេលនោះផងដែរ គាត់ត្រូវបានគេដឹងថា សុខចិត្តបដិសេធក្រុមកំពុងឡើងជើង Manchester City ហើយស្រវាមកចូលរួមជាមួយក្រុមបិសាចក្រហមវិញ។
ទោះជាយ៉ាងណា មួយរយៈចុងក្រោយនេះ Maguire តែងតែទទួលបាននូវការរិះគន់ខ្លាំង ចំណែក Man UTD ក៏មិនទាន់មានស្ថានភាពនឹងនរក្រោមការដឹកនាំរបស់លោក Ralf Rangnick។
Harry Maguire បានចេញមុខនិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំមកទីនេះដើម្បីឈ្នះពាន។ សម្រាប់ខ្ញុំគឺមិនខ្វះក្លិបដែលចង់ចុះកុងត្រាយកខ្ញុំឡើយ ប៉ុន្តែខ្ញុំចង់មក Man UTD ហើយចង់ជួយពួកគេឱ្យឈ្នះគ្រប់យ៉ាង ដូចនឹងអ្វីដែលជំនាន់លោក Ser Alex ធ្លាប់បានធ្វើ។ វានឹងត្រឡប់មករកភាពល្អប្រសើរឡើងវិញ ប្រសិនបើអ្នករាល់គ្នារួបរួមគ្នា។ ខ្ញុំធំដឹងក្តីឡើងដោយក្លាយជាអ្នកគាំទ្ររបស់ Wayne Rooney, Rio Ferdinand និង Vidic ទៅហើយ ខ្ញុំចង់ដើរតាមគន្លង ដូចនឹងអ្វីដែលពួកគេធ្លាប់ធ្វើក្នុងអតីតកាល។ ខ្ញុំមានតួនាទីជាប្រធានក្រុម ហើយខ្ញុំត្រូវតែមានទំនួលខុសត្រូវដើម្បីដឹកនាំកីឡាករ និងជួយស្តារស្ថានភាពក្រុមឱ្យភាពនឹងនរ»៕