ដូចអ្វីដែលគិតមែនលោក Thomas Tuchel បានទម្លាក់ Romelu Lukaku ពីក្រុម Chelsea សម្រាប់លទ្ធផលស្មើ ២-២ កាលពីថ្ងៃអាទិត្យជាមួយ Liverpool បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានធ្វើបទសម្ភាសន៍រិះគន់ចំពោះទម្រង់ដឹកនាំរបស់អ្នកចាត់ការតោខៀវបច្ចុប្បន្ន ដែលត្រូវបានចុះផ្សាយក្នុងសប្តាហ៍នេះ។
ជាក់ស្ដែង ខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះ មិនត្រូវបានដាក់ឲ្យចូលលេងនោះទេ ក្នុងការប្រកួតជាមួយហង្សក្រហមកាលពីយប់មិញ។
ដោយពន្យល់ពីការសម្រេចចិត្តរបស់គាត់ទៅកាន់ Sky Sports លោក Tuchel បាននិយាយមុនការប្រកួតថា៖ «រឿងធំពេក រឿងល្បីខ្លាំងពេក វាពិតជាប៉ះពាល់ខ្លាំង ចំពោះការរៀបចំមុនការប្រកួត ហើយនេះជាមូលហេតុដែលមិនដាក់គាត់លេង»។
«ពិតណាស់ វាជាការសម្រេចចិត្តដ៏លំបាកមួយ យើងបាននិយាយពីរដងរួចមកហើយ ខ្ញុំបាននិយាយជាមួយកីឡាករសំខាន់ៗ ហើយបន្ទាប់ពីនោះ យើងត្រូវដឹងថា វាជិតដល់ការប្រកួតធំហើយ អ្វីដែលត្រូវធ្វើ គឺការផ្ដោតអារម្មណ៍សម្រាប់ការប្រកួត ហើយតាមគំនិតរបស់ខ្ញុំ គឺងាយស្រួលជាងប្រសិនបើគាត់មិននៅក្នុងក្រុម ហើយនោះហើយជាមូលហេតុដែលយើងធ្វើវា»៕