ខ្សែបម្រើ Ainsley Maitland-Niles របស់ក្លឹបកាំភ្លើងធំ Arsenal ជិតចូលរួមជាមួយ Roma ក្នុងលក្ខខណ្ឌខ្ចីជើង នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលី។
កីឡាករអង់គ្លេសវ័យ ២៤ ឆ្នាំរូបនេះ មិនអាចបង្ហាញសមត្ថភាពពេញលេញទេ ក្រោមការដឹកនាំរបស់លោក Mikel Arteta ហើយបានចាប់ផ្តើមការប្រកួតត្រឹមតែ ២ ប្រកួតប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។
គួររំលឹកថា Maitland-Niles ធ្លាប់ជិតបានចូលរួមជាមួយ Everton ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងដំណាក់កាលបិទទ្វាររដូវក្តៅទៅហើយ ចុងក្រោយបានត្រឹមខកចិត្ត បន្ទាប់ពីក្រុមកាំភ្លើងធំបានរារាំងការចាកចេញរបស់គាត់។
ប៉ុន្តែឥឡូវនេះ វាហាក់បីដូចជាខ្សែបម្រើដែលមានសមត្ថភាពនឹងចាកចេញពី Arsenal ខណៈដែល Sky Sports Italy អះអាងថាគាត់ជិតឈានដល់កិច្ចព្រមព្រៀង ដើម្បីចូលរួមជាមួយក្រុម Roma ក្រោមការដឹកនាំរបស់គ្រូបង្វឹកពោរពេញទៅដោយបទពិសោធន៍ Jose Mourinho។
យោងតាមរបាយការណ៍ខាងលើបានអះអាងថា ក្លឹបនៅ Serie A បានផ្តល់តម្លៃប្រាក់កម្ចីប្រហែល ៦០០,០០០ ផោន ហើយចង់រួមបញ្ចូលលក្ខខណ្ឌទិញផ្តាច់ ដែលមានតម្លៃ ១០ លានអឺរ៉ូ (៨,៤ លានផោន)។
យ៉ាងណាមិញ មានសេចក្តីរាយការណ៍ថា Maitland-Niles មិនជឿជាក់លើការផ្ទេរទៅ Roma ទេ ព្រោះដំបូងឡើយ ពួកគេមិនបានដាក់បញ្ចូលជម្រើសទិញក្នុងសំណើរបស់ពួកគេទៅ Arsenal ប៉ុន្តែភាគីអ៊ីតាលីបានធានាថា ពួកគេនឹងចង់ផ្លាស់ប្តូរជាអចិន្ត្រៃយ៍ ប្រសិនបើគាត់ធ្វើបានល្អក្រោមការដឹកនាំរបស់លោក Jose Mourinho សម្រាប់រដូវកាលដែលនៅសល់៕