Manchester United បានកំណត់គោលដៅលើខ្សែបម្រើ Florian Wirtz របស់ក្លិប Bayer Leverkusen ដែលត្រូវបានចាត់ទុកថាជា Kai Havertz ទី២ ស្របពេលតម្លៃផ្ទេររបស់កីឡាកររូបនេះបានកើនឡើង បន្ទាប់ពីបង្ហាញគុណផលល្អក្នុងការប្រកួតនៅ Bundesliga និង Europa League។
Florian Wirtz វ័យ ១៨ឆ្នាំ ជាខ្សែបម្រើប្រយុទ្ធជំនាញជើងឆ្វេង និងជាកីឡាករលេចធ្លោនៅ Leverkusen ហើយគេត្រូវបានយកទៅប្រៀបធៀបទៅនឹងមិត្តរួមក្រុមចាស់ Kai Havertz ដែលបច្ចុប្បន្នកំពុងលេងនៅ Chelsea។
គួររំលឹកថា ក្លិបតោខៀវ បានចុះហត្ថលេខាផ្ទេរ Havertz មកកាន់ទឹកដី Stamford Bridge ក្នុងតម្លៃ ៧១លានផោន កាលពីដើមរដូវកាលមុន ហើយគេរកគ្រាប់បាល់ជ័យជម្នះ ក្នុងការប្រកួតទល់នឹង Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League។
ក្រោយការចាកចេញរបស់ Havertz ក្លិប Leverkusen បានរកឃើញអ្នកជំនួសថ្មី ដែលមានសមត្ថភាពស្រដៀងគ្នា ប៉ុន្ដែ Wirtz អាចនឹងទទួលបានឱកាសផ្ទេរទៅអង់គ្លេស នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
យោងតាមការចុះផ្សាយរបស់ Daily Star បានឱ្យដឹងថា Man Utd គឺជាក្លិបមួយក្នុងចំណោមក្លិបធំនៅអឺរ៉ុប ដែលកត់ឈ្មោះកីឡាករវ័យ ១៨ឆ្នាំរូបនេះទៅក្នុងបញ្ជីទិញចូលរបស់ពួកគេ។ ទោះជាយ៉ាងណា បិសាចក្រហម ត្រូវប្រឈមនឹងការប្រកួតប្រជែងជាមួយ Liverpool, Bayern Munich, Real Madrid និង Chelsea ៕