Bruno Fernandes បង្ហាញ​ពី​បំណងប្រាថ្នា​មួយ ក្រោយ​បញ្ចប់​អាជីព

0

ខ្សែបម្រើ Bruno Fernandes បាន​សារភាព​ថា​គេ​ចង់​ក្លាយជា​គ្រូបង្វឹក​ម្នាក់​នា​ពេល​អនាគត បន្ទាប់​ពី​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់ គឺ​គេ​គ្រោង​នឹង​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​គ្រូបង្វឹក​តែ​ម្ដង​។

កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ បាន​ក្លាយជា​តារា​ឆ្នើម​មួយ​រូប​ប្រចាំ​ក្រុម​បិសាច​ក្រហម Manchester United និង​អាច​នៅ​សល់​ពេល​សម្រាប់​លេង​បាល់ទាត់​ច្រើន​ឆ្នាំទៅ​មុខ​ទៀត ប៉ុន្តែ Fernandes បាន​គិតគូ​ផែនការ​អនាគត​នៃ​ជីវិត​របស់​គេ​រួច​អស់ហើយ ដោយ​ចង់​ដើរ​តាម​គន្លង​របស់​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ឆ្នើម​ៗ​ដូច​ជា Jose Mourinho ជាដើម​។

Fernandes បាន​និយាយ​ក្នុង​កម្មវិធី Secret Santa ប្រាប់​ក្មេង​ៗ​ថា​៖ «​បាទ ខ្ញុំ​ចង់​ក្លាយជា​អ្នកចាត់ការ​មួយ​រូប ខ្ញុំ​នឹង​រៀន​វគ្គ​ធ្វើ​ជា​គ្រូ​ជា​បង្វឹក​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​កាលពីមុន Fernandes ក៏​ធ្លាប់​បង្ហើប​ពី​បំណង​ចង់​ក្លាយជា​គ្រូបង្វឹក​ដែរ​ថា​៖ «​ខ្ញុំ​រីករាយ​នឹង​បាល់ទាត់​ណាស់ អ្នកដឹង​ទេ ខ្ញុំ​គិត​ថា​ខ្ញុំ​ចង់​ធ្វើ​ជា​គ្រូបង្វឹក​។ និយាយ​ឲ្យ​ស្មោះត្រង់​ទៅ ខ្ញុំ​ចង់​ធ្វើ​ជា​គ្រូបង្វឹក​។ ខ្ញុំ​មិនដឹង​ថា​ខ្ញុំ​ចង់​ដឹកនាំ​ក្រុម​ណា​ទេ ប៉ុន្តែ​ពិត​ណាស់ បើជា​ក្រុម​ធំ​ៗ​គឺ Manchester United ។ ខ្ញុំ​គ្រាន់តែ​ចង់​ទុក​ពាក្យ​ខ្លះ បើសិន​នា​ពេល​អនាគត​ខ្ញុំ​ក្លាយជា​គ្រូបង្វឹក អ្នកគាំទ្រ​អាច​នឹង​ដាក់​សំពាធ​មក​លើ​ខ្ញុំ​បាន​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ខ្ញុំ​ចង់​ធ្វើ​ជា​គ្រូបង្វឹក​នា​ពេល​អនាគត​។ ខ្ញុំ​មិន​ច្បាស់​ទេ​ថា មាន​អារម្មណ៍​បែប​ណា​ចំពោះ​បាល់ទាត់ តែ​ខ្ញុំ​នឹង​បន្ត​ធ្វើ​ជា​ផ្នែក​មួយ​ក្នុង​នេះ ព្រោះ​ជីវិត​របស់ខ្ញុំ គឺ​ទាក់ទង​នឹង​បាល់ទាត់​»៕