ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ទើបតែបញ្ចប់លទ្ធផលស្មើ ២-២ ជាមួយក្លឹប Liverpool នៅឯកីឡដ្ឋានក្នុងទីក្រុងឡុង នៅវេលាទាបភ្លឺឈានចូលព្រឹកថ្ងៃចន្ទ ដោយឡែកយើងក៏ទទួលដំណឹងមកថាលោក Antonio Conte ហាក់ចង់ពង្រឹងបន្ថែមនៅតំបន់បម្រើ ពោលគឺចង់ឲ្យក្លឹបមានការនាំយកកីឡាករថ្មីចូលក្រុម នៅទីផ្សារដោះដូរខែមករា ឆ្នាំ ២០២២ ខាងមុខ។
យោងតាម សារព័ត៌មាន La Tercera បានចុះផ្សាយថាលោក Antonio Conte បានចាប់អារម្មណ៍ទៅលើកូនក្រុមចាស់ កាលនៅក្លឹប Inter Milan នោះគឺកីឡាករលេងកាច Arturo Vidal ដោយយល់ឃើញថា ខ្សែបម្រើសញ្ជាតិឈីលី ពិតណាស់នឹងអាចជួយ Spurs ឲ្យទទួលបានផ្លែផ្កាល្អជាងបច្ចុប្បន្ន។
យ៉ាងណាមិញ បងធំ Vidal គេមិនសូវបានលេងនៅឯក្លឹប Inter Milan ហើយកុងត្រាក៏សេសសល់ត្រឹមបញ្ចប់រដូវកាលនេះដែរ ដូច្នេះហើយតម្លៃផ្ទេររបស់គេ ក៏មិនជាថ្លៃពេកទេ ល្មមនឹងអាចឲ្យ Spurs ចាយលុយបន្តិចបន្តួច ថ្ពក់យកគេមកក្លឹបនៅទឹកដីអង់គ្លេសបាន។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាង Vidal និង Conte ក្នុងនាមជាគ្រូ-សិស្ស អាចថាស្អិតល្មួតគួរសម ព្រោះអីអ្នកទាំងពីរធ្លាប់រួមក្លឹបតាំងពីកាលនៅ Juventus ម្ល៉េះ មុនមករួបរួមសារជាថ្មីនៅ Inter Milan៕