Update៖ បំបែកសំណុំរឿង​បាញ់​សម្លាប់​ជនជាតិ​ចិន​ជា​ច្រើន​គ្រាប់ ឃាត់ខ្លួន​បាន​ជនសង្ស័យ ២​នាក់

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១១៖១៥​នាទី ត្រង់​ចំណុច​បុរី​ប៉េង​ហួត​បឹង​ស្នោរ ផ្ទះ​លេខ​A-១៤ ផ្ទះ​លេខ​N៧៧ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ខេ​ង ម៉េ​ង​ឈាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល​របស់​លោក សុ​ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វេ​ី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ឈ្មោះ LI HONGBO ហៅ​ប៉ូ​ប៉ូ ភេទ​ប្រុស ជនជាតិ​ចិន និង​ឈ្មោះ មី ពៅ ភេទ​ស្រី ជនជាតិ​វៀតណាម ពាក់ព័ន្ធ​ករណី​ឃាតកម្ម (​បាញ់​សម្លាប់​) នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១៣៖៣០​នាទី ចំណុច​ក្នុង​បុរី BLUE SKY ផ្ទះ​លេខ​A252 ជាន់​ផ្ទាល់​ដី ស្ថិត​ក្នុង​ក្រុម​ទី​២២ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

គួរ​រំលឹក​ដែរ​ថា នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១៣៖៣០​នាទី ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ព័ត៌មាន​ពី ប៉ុស្តិ៍​នគរបាល​សង្កាត់​លេខ​៤​ថា មាន​បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​គេ​បាញ់​សម្លាប់ នៅ​ចំណុច​ក្នុង​បុរី BLUE SKY ផ្ទះ​លេខ​A252 ជាន់​ផ្ទាល់​ដី ស្ថិត​ក្នុង​ក្រុម​ទី​២២ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។
បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​និ​តិ​វិធី​ពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ជា​លទ្ធផល​សមត្ថកិច្ច​យើង​បានឃើញ សាកសព​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ដេក​ស្លាប់​នៅ​ក្បែរ​សា​ឡុ​ង​ពូក និង​មាន​ស្នាម​ឈាម​ហូរ លើ​កម្រាល​ឥដ្ឋ ហើយ​មាន​ស្នាម​របួស​ត្រូវ​ចុង​ភ្លៅ​ធ្លាយ​ទាំង​សងខាង និង​មាន​សំបក​គ្រាប់​កា​ទុ​ស ចំនួន​០៣​គ្រាប់​។ ជន​រង​គ្រោះ​មានឈ្មោះ JIKE MUNAI ភេទ​ប្រុស ជនជាតិ​ចិន​។

ឆ្លង​តាម​ការ​ស៊ើបអង្កេត​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ JIKE MUNAI (​ស្លាប់​) មិនមែន​ជា​អ្នក​ជួល​ផ្ទះ​កើតហេតុ​នោះ​ទេ​។ ដោយឡែក​ភាគី​ជួល​ផ្ទះ​កើតហេតុ​មាន ឈ្មោះ មី ពៅ ភេទ​ស្រី មានស្រុក​កំណើត​ឃុំ​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី និង​មិត្ត​ប្រុស​ជា​ជនជាតិ​ចិន (​មិន​ស្គាល់​អត្តសញ្ញាណ​) ក្រោយ​ពី​កើតហេតុ​រួច​បាន​រត់គេច​ខ្លួន​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លេ​ី​បាន​នាំ​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ប្រគល់​ជូន​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ដេ​ី​ម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ