Barcelona បានត្រៀមឆក់យកកីឡាករ ៣រូបរបស់ Chelsea នេះបើយោងតាមការចុះផ្សាយរបស់ Mundo Deportivo ដោយព្យាយាមនាំយក ខ្សែប្រយុទ្ធ Christian Pulisic ក្នុងខែមករាខាងមុខ ហើយនឹងរង់ចាំស៊ីញ៉េកុងត្រាជាមួយ Cesar Azpilicueta និង Antonio Rudiger ក្នុងរដូវក្ដៅខាងមុខផងដែរ។
Pulisic បានរងរបួសកែងជើងនៅដើមរដូវកាលនេះ ដែលធ្វើឱ្យគេពិបាកទទួលបានឱកាសបង្ហាញសមត្ថភាព ក្រោមការបង្វឹកដោយលោក Thomas Tuchel ហើយកីឡាករវ័យ២៣ឆ្នាំ បានបើកចំហរក្នុងការចាកចេញ។ យ៉ាងណាមិញ គេអាចនឹងចូលរួមនៅទឹកដី Camp Nou ក្នុងកិច្ចសន្យាខ្ចីជើង។
ដោយឡែក Azpilicueta និង Rudiger នឹងផុតកិច្ចសន្យាជាមួយក្លិបតោខៀវនៅខែកក្កដាខាងមុខនេះហើយ។ ដោយខ្សែការពារអេស្ប៉ាញ Azpilicueta ពិបាកក្នុងការទទួលបានឱកាសលេងក្នុងជម្រើស១១នាក់ ដោយសារពិបាកប្រជែងជាមួយ Reece James ហើយចង់លេងនៅក្នុងក្រុមដែលមានឱកាសបង្ហាញខ្លួនទៀងទាត់ ដើម្បីអាចស្ថិតក្នុងបញ្ជីកីឡាករជម្រើសជាតិរបស់លោក Luis Enrique ទៅចូលរួម FIFA World Cup ២០២២ នៅប្រទេសកាតា។
ចំណែកឯ Rudiger វិញស្ថិតនៅក្នុងស្ថានភាពមួយផ្សេង Chelsea ចង់ឱ្យគេបន្ដនៅជាមួយក្លិប ប៉ុន្ដែគេចង់បានការប្រកួតប្រជែងថ្មី ហើយបានថ្លៃឈ្នួលខ្ពស់ជាងបច្ចុប្បន្ន។ រួមមាន Bayern Munich និង Real Madrid ក៏ត្រូវបានរាយការណ៍ថា ចាប់អារម្មណ៍ខ្សែការពារអាល្លឺម៉ង់ដ៏មានបទពិសោធន៍រូបនេះ៕