យោងតាមរបាយការណ៍ជាច្រើនបានឱ្យដឹងថា Chelsea នឹងប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ Real Madrid កីឡាករ Casemiro ។ Chelsea នឹងត្រូវដាក់សំណើដេញថ្លៃប្រហែល ៦០ លានអឺរ៉ូ ដើម្បីព្យាយាមនាំយកខ្សែបម្រើរូបនេះទៅកាន់កីឡដ្ឋាន Stamford Bridge ។
កីឡាករប្រេស៊ីល គឺជាខ្សែបម្រើការពារដ៏ល្អបំផុតម្នាក់នៅក្នុងរដូវកាលនេះ។ គាត់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Real Madrid ក្នុងរដូវកាល ២០១៥-១៦ ហើយបានក្លាយជាជាជម្រើសដំបូងសម្រាប់ក្រុមចាប់តាំងពីពេលនោះមក។
ខ្សែបម្រើរូបនេះបានបង្ហាញខ្លួន ៣០៧ ប្រកួតឱ្យក្រុម Real Madrid ខណៈដែលស៊ុតបញ្ចូលទីបាន ៣០ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ២៧ ដងទៀត ប៉ុន្តែទីបំផុតក្លឹបបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចែកផ្លូវជាមួយ Casemiro ។
ស្ថានភាពបែបនេះបានជំរុញ Chelsea រួសរាន់ប្រជែងយកខ្សែបម្រើរូបនេះពី Real Madrid ។ យោងតាមរបាយការណ៍បានឱ្យដឹងថា Chelsea បានរៀបចំដាក់សំណើរទៅកាន់ Los Blancos ក្នុងតម្លៃ ៦០ លានអឺរ៉ូសម្រាប់កីឡាករប្រេស៊ីលរូបនេះ។
បញ្ហាដែល Chelsea ប្រឈមមុខគឺ Casemiro ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Paris Saint-Germain ផងដែរ។ វានឹងក្លាយជារឿងដ៏លំបាកសម្រាប់ក្រុមតោខៀវ ក្នុងការប្រកួតប្រជែងជាមួយនឹងពួកគេនៅក្នុងការផ្ទេរ៕