គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានបញ្ជាក់ថា ខ្សែបម្រើកណ្តាលកីឡាករ Mateo Kovacic បានឆ្លងកូវីដ-១៩ ហើយនឹងមិនមានវត្តមាននៅក្នុងការប្រកួតរបស់តោខៀវជាមួយនឹងក្រុម Zenit នោះទេ។
លោក Tuchel បាននិយាយថា Kovacic បានត្រឡប់ទៅហ្វឹកហាត់វិញហើយ បន្ទាប់ពីស្នាក់នៅក្រៅផ្ទះអស់រយៈពេលជាយូរ ប៉ុន្តែត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ។ ខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះកំពុងស្ថិតនៅដាច់ដោយឡែក។ ថ្លែងទៅកាន់សារព័ត៌មានមុនការប្រកួតក្រៅដីរបស់ Chelsea ទល់នឹង Zenit Saint Petersburg លោក Thomas Tuchel បាននិយាយថា៖
«Mateo បានចូលហ្វឹកហាត់កាលពីម្សិលមិញជាមួយនឹងស្នាមញញឹម ហើយពិតជារីករាយណាស់ដែលគាត់បានត្រលប់មកវិញ។ ប៉ុន្តែថ្ងៃនេះគាត់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ និងកំពុងនៅដាច់ដោយឡែក»។
Mateo Kovacic បានខកខានការប្រកួតជាច្រើនសម្រាប់ Chelsea ក្នុងរដូវកាលនេះ។ ខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះត្រូវបានអវត្តមានដោយសាររបួសសរសៃពួរ ដែលធ្វើឱ្យគាត់ខកខានការប្រកួត Premier League ៦ លើកចុងក្រោយ។ ជាអកុសលសម្រាប់កីឡាករអន្តរជាតិក្រូអាត ឥឡូវនេះគាត់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ដែលនឹងពន្យារពេលការវិលត្រលប់របស់គាត់បន្ថែមទៀត។
រំលឹកឡើងវិញដែថា Kovacic មានទម្រង់លេងល្អសម្រាប់ Chelsea មុនពេលរបួស។ ខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបានមួយគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៥ ដងក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន ៩ប្រកួតក្នុងរដូវកាលនេះ៕