Harry Maguire បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងការប្រកួតទល់នឹង Arsenal ប៉ុន្តែសម្រាប់ការប្រកួតទល់នឹង Chelsea បែរទៅជាមិនអាចបង្ហាញទម្រង់ដូចទៅនឹងការប្រកួតពេលមុន។
អតីតខ្សែបម្រើប្រេស៊ីល Jose Kleberson បានគូសបញ្ជាក់ Mathijs De Ligt ក្រុម Manchester United គួរតែចុះហត្ថលេខាដើម្បីជំនួសប្រធានក្រុម Harry Maguire ។ Mathijs De Ligt ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងបិសាចក្រហមក្នុងឆ្នាំ ២០១៩ មុនពេលដែលគាត់បានបញ្ចប់ទៅចូលរួមជាមួយ Juventus ក្នុងកិច្ចព្រមព្រៀង ៨៥ លានអឺរ៉ូ។
លោក Kleberson បានអះអាងថា De Ligt នឹងក្លាយជាអ្នកជំនួសតំណែងដ៏ល្អបំផុតសម្រាប់ Harry Maguire ដែលកំពុងរងសម្ពាធ៖ «Manchester United ត្រូវតែធ្វើការចុះហត្ថលេខាកីឡាករពីរបីនាក់នៅទីតាំងកណ្តាល ជាចម្បងដើម្បីជំនួស Harry Maguire ។ គាត់ជាកីឡាករ និងអ្នកដឹកនាំដ៏អស្ចារ្យម្នាក់ ប៉ុន្តែច្រើនដងណាស់ដែលគាត់ធ្វើមិនបានល្អ ជាពិសេសនៅពេលមួយទល់នឹងកីឡាករដែលមានល្បឿនលឿន។ ខ្ញុំពេញចិត្ត Matthijs de Ligt ហើយ Manchester United បានព្យាយាមនាំគាត់ចូល ប៉ុន្មានឆ្នាំមុន ប៉ុន្តែវាមិនអាចទៅរួច។ ពួកគេត្រូវការកីឡាករដូចគាត់»។