Lionel Messi បានឈ្នះ Ballon d’Or ទីប្រាំពីរនៃអាជីពដ៏អស្ចារ្យរបស់ខ្លួនកាលពីថ្ងៃច័ន្ទ ប៉ុន្តែតារាឆ្នើមរបស់ Paris Saint-Germain ពេលនេះកំពុងជួបបញ្ហាឈឺក្រពះ ហើយអាចនឹងត្រូវបង្ខំខកខានការប្រកួតនៅពាក់កណ្តាលសប្តាហ៍ ក្នុង Ligue 1 ជាមួយក្លឹបបារាំងមួយនេះ។
ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ៣៤ឆ្នាំរូបនេះ ហាក់បីដូចជាមានសុខភាពល្អធម្មតា នៅក្នុងនឹងពិធីប្រគល់ពានរង្វាន់កីឡាករឆ្នើមបំផុតក្នុងលោក ជាមួយតារាបាល់ទាត់ជាច្រើននាក់នៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង។
ប៉ុន្តែ PSG បានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ក្លឹបថា «Lionel Messi មិនបានចូលរួមក្នុងវគ្គហ្វឹកហាត់ថ្ងៃនេះបានទេ ដោយសារតែរោគសញ្ញានៃជំងឺរលាកក្រពះ»។ «ការត្រួតពិនិត្យបន្ថែម នឹងត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃស្អែក»។
មានន័យថា Messi នឹងអវត្តមានក្នុងការប៉ះទង្គិចជាមួយ Nice នៅថ្ងៃពុធនេះ។ ជាការពិតណាស់ PSG នឹងអវត្តមានខ្សែប្រយុទ្ធឆ្នើមពីររូប ក្នុងការប្រកួតបន្ទាប់របស់ក្លិប ដោយ Messi ត្រូវក្រុមពេទ្យពិនិត្យតាមដានបញ្ហារលាគក្រពះ ខណៈដែល Neymar ត្រូវដេកសម្រាកព្យាបាលរបួសកជើងចំនួន ៨សប្តាហ៍៕