យោងតាមរបាយការណ៍បានឱ្យដឹងថា អ្នកចាត់ការសញ្ជាតិអ៊ីតាលី និងជាអតីតគ្រូបង្វឹក Manchester City លោក Roberto Mancini គឺជាបេក្ខភាពដែលនឹងចូលកាន់តំណែងនៅ Manchester United នៅរដូវក្តៅក្រោយ។
ពិតណាស់ ក្លិបបិសាចក្រហម បានបណ្តេញវីរបុរសក្លឹបលោក Ole Gunnar Solskjaer កាលពីចុងសប្តាហ៍មុន នឹងបានរៀបចំលោក Ralf Rangnick ជាអ្នកចាត់ការបណ្ដោះអាសន្នរបស់ Manchester United ហើយនឹងទទួលបន្ទុករហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ នៅពេលដែលគាត់នឹងផ្លាស់ទៅធ្វើជាទីប្រឹក្សានៅ Old Trafford រយៈពេលពីរឆ្នាំទៀត។
ស្របពេលជាមួយគ្នានោះ គ្រូបង្វឹកក្រុម PSG លោក Pochettino បានលេចចេញជាអ្នកជំនួសតំណែងអចិន្ត្រៃយ៍របស់ Solskjaer ក្រោយពីលោកបានបង្ហាញអារម្មណ៍ថាចង់ផ្លាស់ប្តូរទៅកាន់ Manchester។
ខណៈពេលដែល Pochettino បន្តមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយ Man United កាសែត Daily Telegraph បាននិយាយថាលោក Mancini ក៏ជាបេក្ខភាពសំខាន់ចំពោះក្លឹបយក្ស Premier League ផងដែរ។
គួររំលឹកថាលោក Mancini បានដឹកនាំប្រទេសអ៊ីតាលីតាំងពីឆ្នាំ ២០១៨ ដោយបានដឹកនាំប្រទេសឱ្យឈ្នះជើងឯកទ្វីបអឺរ៉ុបកាលពីរដូវក្តៅមុន និងបានឈ្នះពានរង្វាន់ Premier League និង FA Cup កំឡុងពេលលេងនៅ Manchester City កាលពីមួយទសវត្សរ៍មុន។
ទោះជាយ៉ាងណាក៏ដោយ បិសាចក្រហមនឹងត្រូវប្រឈមមុខជាមួយ Arsenal នៅយប់ថ្ងៃព្រហស្បតិ៍ ខណៈដែលគ្រូបង្វឹកចាំផ្ទះលោក Michael Carrick នៅតែជាអ្នកទទួលបន្ទុក៕