អ្នកឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២១ នឹងត្រូវប្រកាសក្នុងរយៈពេលតិចជាងពីរសប្តាហ៍ ចាប់ពីពេលនេះតទៅ ដោយពិភពបាល់ទាត់កំពុងរង់ចាំយ៉ាងអន្ទះសារ។ អតីតខ្សែការពារ Fabio Canavarro របស់ក្លឹប Real Madrid បានកំណត់ឈ្មោះកីឡាករបីនាក់ ដែលគាត់ជឿជាក់ថាអាចឡើងមកឈរនៅលើកំពូលតារាង ក្នុងការប្រជែងដណ្តើមយកពានរង្វាន់នេះ។
Canavarro ជឿថាមិនមានភាពច្បាស់លាស់សម្រាប់ Ballon d’Or ឆ្នាំនេះទេ ប៉ុន្តែតារាឆ្នើមទាំងបីដូចជា Lionel Messi, Robert Lewandowski និង Karim Benzema មានឱកាសល្អក្នុងការឈ្នះវា។
គាត់ត្រូវបានដកស្រង់សម្តីថា៖ «Messi បានឈ្នះពាន Copa America និងធ្វើបានល្អណាស់ ប៉ុន្តែ Karim Benzema និង Robert Lewandowski ក៏ជាបេក្ខភាពល្អដែរ»។ អតីតខ្សែការពារកណ្តាលរបស់ Real Madrid រូបនេះបានបន្ថែមថា៖ «ខ្ញុំមិនច្បាស់មួយរយភាគរយទេ ប៉ុន្តែខ្ញុំគិតថាវាស្ថិតនៅក្នុងចំណោមអ្នកទាំងបីនេះ» ។
Lionel Messi ត្រូវបានគេរាយការណ៍ថា បាននាំមុខគេក្នុងការប្រជែងដណ្តើមពានរង្វាន់ Ballon d’Or នៅឆ្នាំ ២០២១។ ប៉ុន្តែមានមនុស្សជាច្រើនដែលជឿថា Robert Lewandowski គួរតែឈ្នះពានរង្វាន់នេះ បន្ទាប់ពីខកខានកាលពីឆ្នាំមុន។ Fabio Cannavarro បានបន្តថា៖ «កាលពីឆ្នាំ ២០២០ Lewandowski ជាបេក្ខភាពដែលស័ក្តិសមបំផុតដែលនឹងទទួលបានពាននេះ តែជាអកុសលពានរង្វាន់ដ៏អស្ចារ្យនេះត្រូវបានលុបចោល ដោយសារបញ្ហាររីករាលដាលនៃ កូវីដ-១៩។ ប៉ុន្តែឥឡូវនេះ វាអាចនឹងជាអ្នកផ្សេងដែលឈ្នះពាននេះ»៕