អតីត CEO របស់ក្លិប Bayern Munich លោក Kal-Heinz Rummenigge ជឿជាក់ថា David Alaba គួរតែបន្ដកិច្ចសន្យាជាមួយក្លិបយក្សអាល្លឺម៉ង់ ប៉ុន្ដែខ្សែការពារជនជាតិអូទ្រីស បានចាកចេញពីទឹកដី Allianz Arena ក្រោយចប់កិច្ចសន្យានៅដំណាច់រដូវកាលមុន ហើយបានចូលរួមជាមួយ Real Madrid ដោយគ្មានតម្លៃផ្ទេរ។
Alaba សម្របខ្លួនបានយ៉ាងល្អជាមួយបាល់ទាត់អេស្ប៉ាញ ជាមួយនឹងមិត្តរួមក្រុមថ្មីនៅទឹកដី Santiago Bernabeu ដោយរូបគេជាអ្នកដឹកនាំនៅតំបន់ការពារ ក្រោយការចាកចេញរបស់ Sergio Ramos។
ប៉ុន្ដែអតីតថ្នាក់ដឹកនាំនៅ Bayern លោក Rummenigge យល់ថាខ្សែការពាររូបនេះ មិនគួរចាកចេញពីទ្រនំដែលគេបានរួមរស់អស់ពេលជាង ១០ឆ្នាំឡើយ។
លោកនិយាយថា៖ «ខ្ញុំគិតថាគ្រប់គ្នាយល់ស្របដែលការចាកចេញនេះ មិនគួរកើតមានឡើងនោះទេ។ សូមកុំភ្លេចក្មេងប្រុសម្នាក់នេះ រីកធំធាត់នៅ Bayern Munich។ គេលេងនៅទីនោះអស់ពេល១៣ឆ្នាំ ហើយតែងតែជា DNA របស់ Bayern»។
«តែគួរឱ្យស្ដាយ គ្រប់យ៉ាងមានភាពជាប់គាំងនៅផ្នែកខ្លះ។ ទាំងផ្នែកហិរញ្ញវត្ថុ និងទំនើបកម្ម។ នោះគឺពិបាកក្នុងការវាយតម្លៃនៅពេលនេះ។ រឿងសំខាន់នោះគឺ ពិតជាស្ដាយណាស់ ដែលគេមិននៅទីនោះ»។
លោក Rummenigge បានបន្ថែមថា Bayern បានព្យាយាមប្រើគ្រប់វិធី ដើម្បីបញ្ចុះបញ្ចូលឱ្យ Alaba បន្ដនៅ Bayern ប៉ុន្ដែគេបានសម្រេចចិត្តចាកចេញ ព្រោះគេទទួលបានសំណើដ៏គួរឱ្យចាប់អារម្មណ៍ពី Real Madrid។
បច្ចុប្បន្នខ្សែការពារកណ្ដាលរូបនេះ ស្ថិតនៅក្នុងបញ្ជី ១១នាក់ដែលពិបាកនឹងខ្វះបាន របស់ក្រុមលោក Carlo Ancelotti នៅក្នុងរដូវកាលនេះ ជាពិសេស គេបានរកគ្រាប់បាល់ដំបូងរបស់ខ្លួន ក្នុងជំនួប El Clasico ទល់នឹង Barcelona ដែលការប្រកួតនោះ Real Madrid ឈ្នះ ២-១៕