ពិតណាស់ កិច្ចសន្យាបច្ចុប្បន្នរបស់ Pogba នៅ Man United នឹងផុតកំណត់នៅរដូវក្តៅ ហើយនឹងមានសេរីភាពក្នុងការចុះហត្ថលេខាលើកិច្ចសន្យាមុនជាមួយក្លឹបបរទេសចាប់ពីថ្ងៃទី ១ ខែមករា ដោយមានក្លឹប Real Madrid និង Paris Saint-Germain ត្រូវបានគេរាយការណ៍ថាត្រៀមខ្លួនក្នុងការផ្តល់ជូនជាពិសេស។
ទន្ទឹមនឹងនោះ តាមការយល់ឃើញរបស់អតីតវីរបុរសបាល់ទាត់របស់ហង្សក្រហម Liverpool លោក Steve McManaman បានណែនាំចំៗតែម្តង ថាកីឡាករបារាំងរូបនេះ គួរតែផ្ទេរមកក្លឹប Real Madrid ជាជម្រើសល្អបំផុត។
អតីតខ្សែបម្រើរបស់ហង្សក្រហមនិយាយ៖ «វាជាការផ្ទេរដ៏ងាយសម្រាប់គេ ក្នុងការទៅចូលរួមជាមួយក្លឹប Real Madrid ដោយនៅទីនោះ មានកីឡាករវ័យចំណាស់ស្រាប់ តួយ៉ាងគឺ Luka Modric អាយុ ៣៦ ឆ្នាំ Toni Kroos ហៀរចូលវ័យ ៣០ ឆ្នាំ ដូចគ្នានឹង Casemiro អ៊ីចឹងពេលខ្លះយើងត្រូវសម្លឹងមើលកីឡាករក្នុងក្រុមនោះផងដែរ តែយ៉ាងណាខ្ញុំគិតថា វាមិនជាបញ្ហាអ្វីទេ សម្រាប់ការមកចូលរួមរបស់ Pogba»។
លោកបន្ថែមថា៖ «ការប្រកួតកន្លងទៅដូចកាលប៉ះ Atalanta ឬ Liverpool គេធ្វើមិនបានល្អ តែយើងមើលទម្រង់លេងកាលពីអតីតកាល ដូចកាលនៅ Juventus ឬការលេងឲ្យជម្រើសជាតិបារាំង គឺគេប្រសើរជាងនេះ មួយផ្សេងទៀតសម្រាប់ការផ្ទេរទៅ Real Madrid ប្រសិនក្លឹបយកបាន Erling Haaland ឬ Kylian Mbappe ទៀតនោះគឺកាន់តែអស្ចារ្យហើយ»៕