ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់បាននិយាយថា Cristiano Ronaldo, Marcus Rashford និង David De Gea បានដើរតួយ៉ាងសំខាន់សម្រាប់ Manchester United ក្នុងអំឡុងការប្រកួតខែតុលា។
Bruno Fernandes បានសម្រេចចិត្តជ្រើសរើសយក David De Gea ជាកីឡាករឆ្នើមប្រចាំខែរបស់ Manchester United សម្រាប់ខែតុលា។ Fernandes បានទទួលស្គាល់គ្រាប់បាល់សំខាន់ៗដែលរកបានដោយ Marcus Rashford និង Cristiano Ronaldo ប៉ុន្តែជឿជាក់ថា David De Gea សមនឹងទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំខែជាងខ្សែប្រយុទ្ធទាំងពីរ។
ថ្លែងនៅលើគេហទំព័រផ្លូវការរបស់ Manchester United កីឡាករវ័យ ២៧ ឆ្នាំរូបនេះបាននិយាយថា៖ «វាពិបាកព្រោះ Cristiano (Ronaldo) រកបានគ្រាប់បាល់សំខាន់ Rashy (Rashford) ក៏ដូចគ្នា ប៉ុន្តែ David (De Gea) ជាអ្នកការពារសំណាញ់ទី ដូច្នេះវាពិបាក ប៉ុន្តែប្រសិនបើវាមិនមែនជា David ទេនោះ ពួកយើងនឹងរបូតគ្រាប់បាល់ច្រើនជាងនេះ»។«សម្រាប់អ្វីដែលគាត់បានធ្វើកាលពីខែមុន និងបានធ្វើតាំងពីដើមរដូវកាលមក ខ្ញុំគិតថាគាត់សមនឹងទទួលបានជាកីឡាករឆ្នើមប្រចាំខែ ដូច្នេះប្រសិនបើខ្ញុំបោះឆ្នោត ខ្ញុំនឹងបោះឆ្នោតឱ្យ David»។
បើទោះបីជា Bruno Fernandes មានការកោតសរសើរចំពោះ David De Gea ក៏ដោយ ក៏ Cristiano Ronaldo បច្ចុប្បន្នកំពុងនាំមុខគេ ក្នុងការបោះឆ្នោតសម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំខែ៕