ឃាត់ខ្លួន​មន្ត្រី​ប៉េ​អឹ​ម​ម្នាក់ ប្រើប្រាស់​អាវុធ​ខ្លី បាញ់​គំរាម​គូរ​ទំនាស់

0

សៀមរាប​៖ នេះ​បើ​យោងសេចក្ដី​ប្រកាស​ព័ត៌មាន របស់​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានឱ្យ​ដឹង​ថាមន្ត្រី​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ០១​រូប បាន​ប្រើ​អាវុធ​ខ្លី​បាញ់​ផ្ចុក​ដី ដោយសារ​ទំនាស់​ពាក្យ​សម្តី កាលពី​វេលា​ម៉ោង​ប្រមាណ ២២:១៥​នាទី ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​កា​រ៉ា​ស​សាំង​សូ​រិ​យា ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។

ក្នុង​នោះ​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​និង​ទីតាំង​ខាងលើ លោក​វរសេនីយ៍ត្រី អាង សែន នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​ជាមួយ​ឈ្មោះ ហាត សុភា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​អា​ជីករ ទីលំនៅ​ភូមិ​ឃុន​មោ​គ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ ហើយ​លោក​វរសេនីយ៍ត្រី អាង សែន បាន​យក​កាំភ្លើងខ្លី ម៉ាក​CF98 ប័ណ្ណ​សម្គាល់​អាវុធ​ខ្លី​សមូហភាព ចុះបញ្ជី ប​ខ​.២៩៤៧៤ ក​ព​ជ លេខ​អាវុធ 015892 “​បាញ់​ផ្ចុក​ដី​ចំនួន​០១​គ្រាប់​” បាន​ខ្ទាត​បំណែក​ថ្ម​ត្រូវ​ឈ្មោះ​”​ហាត សុភា​” រលាត់​ក្រោម​ត្របកភ្នែក​ខាងស្តាំ បណ្តាល​អោយ​របួសស្រាល​។

បន្ទាប់​មក​ភាគី​ម្ខាង​ទៀត​របស់​ឈ្មោះ ហាត សុភា បាន​នាំ​គ្នីគ្នា (​មិន​ស្គាល់ឈ្មោះ​) មក​ជា​បន្តបន្ទាប់​រួច​ក៏​បាន​បាញ់​ចំនួន​០២​គ្រាប់ ដោយ​អាវុធ​ខ្លី មិន​ស្គាល់​ម៉ាក់ តែ​មិន​បណ្តាល​អោយ​មាន​របួស​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ​បាន​បន្តិច កម្លាំង​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ស៊ើបអង្កេត ប្រមូល​វត្ថុ​តាង និង​បាន​នាំ​ខ្លួន​លោក អាង សែន បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដើម្បី​បន្ត​ធ្វើការ​ស្រាវជ្រាវ និង​អនុវត្ត​តាម​នីតិវិធី​។

ជាមួយ​គ្នា​នោះ ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​លើក​ឡើង​ថា​កងរាជអាវុធហត្ថ នឹង​បន្ត​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ​រក​ភស្តុ​តាង និង​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​នេះ ដោយ​ភាព​យុត្តិធម៌ និង​ម៉ឺងម៉ាត់​បំផុត​។ ជាមួយ​គ្នា​នេះ​ដែរ កងរាជអាវុធហត្ថ សូម​អភ័យទោស​ជា​សាធារណៈ​ចំពោះ​ទ​ង្វើ​របស់​យោធិន​នៃ​កងរាជអាវុធហត្ថ​ខាងលើ ក៏​ដូច​ជា​យោធិន​ចំនួន​០២​រូប នៃ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ដែល​បាន​ប្រព្រឹត្ត​នា​ពេល​កន្លង​ទៅ​ផង​ដែរ​៕

ប្រភព​៖ សហការី