PSG បញ្ជាក់​ពី​ព័ត៌មាន អំពី​កុងត្រា​ជាមួយ Ramos

0

ក្លិប​យក្ស​បារាំង Paris Saint-Germain បាន​ប្រកាស​ច្រានចោល​នូវ​ពាក្យ​ចចាមអារ៉ាម​ដ៏​ក្ដៅ​គគុក ដែល​បាន​ចុះ​ផ្សាយ​ថា​ក្លិប កំពុង​ពិចារណា​ក្នុង​ការ​បញ្ចប់​កិច្ចសន្យា​ជាមួយ​ខ្សែការពារ​ឆ្នើម Sergio Ramos​។

ពិត​ណាស់ Ramos មិន​ទាន់​បាន​បង្ហាញ​វត្ត​មាននៅ​លើ​ទីលាន​ប្រកួត​នៅឡើយ​ទេ ចាប់តាំងពី​ផ្ទេរ​មក​កាន់​ទឹកដី Parc des Princes ក្រោយ​ចប់​កុងត្រា​ជាមួយ Real Madrid​។

បើ​គិត​មក​ទល់​នឹង​ពេល​នេះ ខ្សែការពារ​កណ្ដាល​ជនជាតិ​អេ​ស្ប៉ា​ញ មិន​ទាន់​អាច​ចូល​លេង​នៅ​ក្នុង​ការ​ប្រកួត​នៅឡើយ​ទេ ដោយសារ​បញ្ហា​របួស ដែល​ធ្វើ​ឱ្យ​សារព័ត៌​មាននៅ​អេ​ស្ប៉ា​ញ​បាន​ចុះ​ផ្សាយ​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​អនាគត​របស់ Ramos ហើយ​កាលពី​ថ្ងៃ​ចន្ទ​នេះ Le Parisien ចុះ​ផ្សាយ​ថា​ក្លិប PSG អាច​នឹង​ស្វែងរក​ការ​ព្រមព្រៀង​ជាមួយ Ramos ដើម្បី​បញ្ចប់​កុងត្រា​មុន​កាលកំណត់​។

ទោះជា​យ៉ាងណា នាយក​ប្រតិបត្តិ​លោក Leonardo បាន​បដិសេធ​ចំពោះ​អ្វី​ដែល​បាន​ចុះ​ផ្សាយ​នេះ​ដោយ​លោក​និយាយ​ថា​៖ «​យើង​ដឹង​ថា Ramos មាន​បញ្ហា​របួស​។ សារព័ត៌មាន​អេ​ស្ប៉ា​ញ​កំពុង​លេង​ហ្គេ​ម យើង​ដឹង​ដែរ​ថា​គេ​មាន​បញ្ហា​។ យើង​ដឹង​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ទី​នេះ​»៕