ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ១២:៣៥នាទីយប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅហាង V-Friend ស្ថិតនៅ ចំនុចផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយមានបុរស ២នាក់ បានផឹកស៊ីស្រវឹង និងដកកាំភ្លើងបង្អួតគេពេញហាង។
បើប្រភពពីសន្តិសុខនៅទីតាំងខាងលើ បានអោយដឹងថា ជនបង្កបានធ្វើដំណើរតាមរថយន្តឡិចស៊ីស ពណ៌ខ្មៅ ដែលពាក្យស្លាកលេខ 2BC-7125 បាននាំគ្នាចូលផឹកស៊ីក្នុងហាង វីហ្វ្រេន ខាងលើ ហើយបានដកកាំភ្លើងពីចង្កេះមកអាមេបញ្ចូលគ្រាប់ ភ្ជង់គេពេញហាង ដោយអួតថាខ្លួនជាអ្នកខ្លាំង។ ក្រោយហេតុការណ៍ ភ្ញៀវក្នុងហាងបាននាំគ្នារត់ចែកជើងគ្នាចេញពីហាង ដើម្បីរកកន្លែងសុវត្ថិភាព។
ក្នុងហេតុការណ៍នេះសមត្ថកិច្ចបានឃាត់ជនបង្កទាំង ២នាក់ខាងលើ ដើម្បីធ្វើការសាកសួរ និងធ្វើកំណត់ហេតុ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនបន្តតាមនិតិវិធីនៃច្បាប់៕



