បើយោងតាមការចុះផ្សាយរបស់ ESPN បានឲ្យដឹងថា Cristiano Ronaldo បានខឹងសម្បារយ៉ាងខ្លាំងទៅលើ Mason Greenwood។ កីឡាករសញ្ជាតិព័រទុយហ្គាល់បានរីករាយនឹងការចាប់ផ្តើមជីវិតដ៏អស្ចារ្យនៅ Old Trafford បន្ទាប់ពីបានចូលរួមជាមួយ Manchester United ម្តងទៀតនៅរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករឈ្នះ Ballon d’Or ៥សម័យរូបនេះ បានជួបការលំបាកក្នុងក្របខណ្ឌ Premier League នាពេលថ្មីៗនេះ ដោយក្រុមបិសាចក្រហមរកបានត្រឹមតែ ១ពិន្ទុប៉ុណ្ណោះពីការប្រកួត ៤លើកចុងក្រោយរបស់ពួកគេ។
ហេតុផលមួយក្នុងចំណោមហេតុផលដែល ESPN អះអាងថាគឺការខ្វះការយល់ចិត្តគ្នារវាងខ្សែប្រយុទ្ធជួរមុខទាំងបីរបស់ Manchester United ជាពិសេសតារាឆ្នើមព័រទុយហ្គាល់ និង Mason Greenwood ។ គេសង្កេតឃើញថាអ្នកទាំងពីរមិនសហការគ្នាបានល្អទេនៅក្នុងតំបន់ផ្តាច់ទី ដោយមិនសូវបានបញ្ជូនបាល់ឲ្យគ្នាទៅវិញទៅមក ដែលជាហេតុនាំឲ្យបិសាចក្រហមបានរងបរាជ័យ។
Ronaldo មានការខឹងសម្បារជាខ្លាំងចំពោះការស៊ុតបាល់របស់ Greenwood ដែលមិនព្រមបញ្ជូន។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះចង់ឱ្យ Greenwood បញ្ជូនបាល់ឲ្យគាត់ដែលជាតំណែងអ្នកបញ្ចប់ទី ប៉ុន្តែកីឡាករវ័យ 20 ឆ្នាំរូបនេះបានបង្ហាញភាពជឿជាក់ក្នុងការរកគ្រាប់បាល់ដោយខ្លួនឯងទៅវិញ។ Ronaldo ចង់ឱ្យកីឡាករវ័យក្មេងរូបនេះបង្កើតឱកាសឲ្យបានច្រើនជាងការព្យាយាមប៉ុនប៉ងរកគ្រាប់បាល់គ្រប់ពេលបែបនេះ៕