នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ Hazard នឹងត្រលប់មកចូលរួមការប្រកួតលើទីលានវិញ ក្រោយបានធូរស្បើយពីបញ្ហារបួស ដែលតែងញាំញីអាជីពរបស់គេអស់ពេលពីររដូវកាលកន្លងទៅនេះ។
ជាការពិតណាស់ ក្នុងរដូវកាល ២០១៩-២០ Hazard មានបញ្ហារបួសជង្គង់ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ដែលធ្វើឱ្យគេខកខានលេង៣ខែ ដែលក្នុងនោះក៏រួមមានការប្រកួត El Clasico ទល់នឹង Barcelona ដែរ ហើយបញ្ហារបួសសាច់ដុំធ្វើឱ្យគេ ខានលេងយ៉ាងច្រើនប្រកួត ក្នុងរដូវកាល ២០២០-២១។
Hazard ទំនងអាចឆ្លងផុតពីបញ្ហាទាំងនេះ ហើយពេលនេះគេអាចត្រលប់មកចូលរួមហ្វឹកហាត់ ជាមួយអ្នកចាត់ការ Carlo Ancelotti ៣លើក មុនការប្រកួតនៅទឹកដី Camp Nou ឈានចូលមកដល់។
ស្របពេល Karim Benzema និង Vinicius Junior ជាកីឡាករជម្រើសដំបូងដែលមិនអាចប្រកែកបាន មានន័យថា Hazard នឹងប្រជែងជាមួយ Rodrygo Goes ក្នុងតំណែងនៃជម្រើសំបូងក្នុងក្រុមនេះ៕