Ronaldo ជឿជាក់​ថា​កីឡាករ​ម្នាក់​នេះ នឹង​ឈ្នះ​ពានរង្វាន់ Ballon d’Or

0

ម្ចាស់​ពានរង្វាន់ Ballon d’Or ពីរ​សម័យកាល និង​វីរបុរស​ប្រេ​ស៊ី​ល Ronaldo បាន​បង្ហាញ​ពី​ការ​ជ្រើសរើស​របស់​គាត់ សម្រាប់​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ ២០២១ ។ Ronaldo ជឿជាក់​យ៉ាង​មុតមាំ​ថា​កីឡាករ​ដែល​នឹង​ឈ្នះ​ពានរង្វាន់ Ballon d’Or នៅ​ឆ្នាំ​នេះ​មិនមែន Lionel Messi, Cristiano Ronaldo និង Robert Lewandowski នោះ​ទេ ប៉ុន្តែ​គឺ Karim Benzema គួរតែ​ឈ្នះ​ពានរង្វាន់​នេះ ។

Ronaldo បាន​បញ្ចេញមត្តិ​នៅ​ក្នុង​បណ្តាញ Instagram ថា​៖ «​ដោយ​គ្មាន​ការ​សង្ស័យ​បេក្ខជន​របស់ខ្ញុំ​សម្រាប់​ពានរង្វាន់ Ballon d’Or គឺ Benzema ។ ខ្សែប្រយុទ្ធ​ល្អ​បំផុត និង​មុត​ស្រួច​អស់​រយៈពេល ១០ ឆ្នាំ​មក​ហើយ ព្រមទាំង​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពានរង្វាន់​ជា​ច្រើន តើ​អ្នក​គិត​អ​ញ្ចឹ​ង ឬទេ?​»

គួរ​រំលឹក​ឡើង​វិញ​ថា Benzema បាន​ស៊ុត​បាល់​បញ្ចូល​ទី ១០ គ្រាប់​រួច​មក​ហើយ និង​បាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន ៧​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ១០​លើក​សម្រាប់​ក្រុម Real Madrid នៅ​រដូវ​កាល​នេះ​។ Benzema ក៏​បាន​ដើរតួ​យ៉ាង​សំខាន់​ផង​ដែរ នៅ​ពេល​ដែល​បារាំង​ឈ្នះ​ពានរង្វាន់ UEFA Nations League ។ ដូច្នេះ​ហើយ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ មាន​ភាគរយ​ខ្ពស់​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ដណ្តើម​ពានរង្វាន់ Ballon d’Or ៕