Danny Mills ថា​គ្រូបង្វឹក​ម្នាក់​នេះ​ស័ក្តិសម​បំផុត​សម្រាប់​ដឹកនាំ Newcastle

0

អតីត​តារា​ឆ្នើម​របស់​ក្របខ័ណ្ឌ Premier League លោក Danny Mills ជឿជាក់​ថា Newcastle United គួរតែ​ជួល​អតីត​អ្នកចាត់ការ​ក្រុម​តោ​ខៀវ Chelsea លោក Jose Mourinho ដើម្បី​ជំនួស​តំណែង​លោក Steve Bruce បន្ទាប់​ពី​ការ​កាន់កាប់​ដោយ​ម្ចាស់​ថ្មី​។

Newcastle ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចែកផ្លូវ​ជាមួយ​អ្នកចាត់ការ​លោក Bruce នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ ព្រោះ​បច្ចុប្បន្ន​ក្លឹ​ប​កំពុង​ឈរ​នៅ​លេខ​រៀង​ទី ១៩ ក្នុង​តារាង Premier League ហើយ​មិន​ទាន់​ឈ្នះ​ការ​ប្រកួត​លី​ក​នៅ​រដូវ​កាល​នេះ​ទេ​។

ការ​ទិញ​យក​ក្រុម Newcastle របស់​អា​រ៉ា​ប៊ី​សា​អូឌីត​គ្រុប បាន​ធ្វើ​ឱ្យ​កក្រើក​លី​ក​នៅ​អង់គ្លេស ហើយ​វា​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ និង​អ្នកជំនាញ​ឆ្ងល់​ថា តើ​នឹង​មាន​អ្វី​ផ្លាស់​ប្តូរ​សម្រាប់​ក្លឹ​ប​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។ Danny Mills ជឿជាក់​ថា​ក្លឹ​ប​គួរតែ​ជួល​លោក Jose Mourinho ធ្វើ​ជា​អ្នកចាត់ការ​ថ្មី​របស់​ពួក​គេ ព្រោះ​គាត់​នឹង​អាច​ដឹកនាំ​ក្លឹ​ប​ឱ្យ​ទទួល​បាន​ជោគជ័យ​។

Mills និយាយ​ទៅ​កាន់ talkSPORT ថា​៖ «​ប្រសិនបើ​អ្នក​ឱ្យ​លុយ Jose គ្រប់គ្រាន់ ហើយ​អនុញ្ញាត​ឱ្យ​គាត់​ធ្វើ​អ្វី​ដែល​គាត់​ចង់​ធ្វើ គាត់​នឹង​ដឹកនាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ​លឿន​ជាង​អ្នក​ដទៃ​»​។ «​ប្រសិនបើ​ពួក​គេ​ចង់​លោត​ឡើង​ដល់​ចំណាត់​ថា្ន​ក់​កំពូល​ទាំង​៤ ខ្ញុំ​មិនឃើញ​មាន​អ្នក​ណា​ល្អ​ជាង Mourinho នោះ​ទេ ហើយ​អ្នក​ត្រូវ​តែ​ផ្តល់​សិទ្ធ​ឲ្យ​គាត់​ទិញ​កីឡាករ​ដែល​គាត់​ចង់បាន​»​។

បញ្ជាក់​ផង​ដែរ​ថា អតីត​គ្រូបង្វឹក​ក្រុម Manchester United និង Tottenham បច្ចុប្បន្ន​គឺជា​អ្នកចាត់ការ​ទូទៅ​របស់ AS Roma ។ អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ មានការ​ចាប់ផ្តើម​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​ក្រុម Roma ដែល​ឈរ​នៅ​លេខ ៤ ក្នុង​តារាង​លី​ក បន្ទាប់​ពី​ឈ្នះ ៥​លើក ក្នុង​ចំណោម​ការ​ប្រកួត​បើក​ឆាក ៧ លើក​របស់​ពួក​គេ​៕