មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ កើតឡើង លើ​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​មាន​ចំនួន​ច្រើន

0

លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​គឺ​បាន​កើតឡើង​លើ​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​មាន​ចំនួន​ច្រើន ជាក់ស្តែង​តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី ១៣ ខែតុលា ម្សិលមិញ​ក្នុង​ចំណោម ១៥ នាក់​គឺ​មាន​១៤ នាក់​ជា​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ហើយ​បាន​កើត​លើ​មនុស្ស​ដែល​មាន​វ័យ​ចំណាស់​។

ក្នុង​ពិធី​ទទួល​ការ​មក​ដល់​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ ១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​ចំនួន ២​លាន​ដូ​ស ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ នៅ​ឯ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក​ជំទាវ យក់ សម្បត្តិ បាន​មាន​ប្រសាសន៍​ថា ជំនួយ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ចិន ជូន​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ដែល​ជា​ប្រភេទ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន ២​លាន​ដូ​ស​នេះ នឹង​បម្រើ​ឱ្យ​ការងារ​ចាក់​ដូ​ស​ជំរុញ​ដល់​ប្រជាពលរដ្ឋ​។ លោក​ជំទាវ​បាន​បន្ត​ថា បច្ចុប្បន្ន​យើង​នៅ​សល់​វ៉ាក់សាំង​ក្នុង​ឃ្លាំង ចំនួន ៤,៥ លាន​ដូ​ស បូក​ទាំង​ថ្ងៃនេះ ២ លាន​ដូ​សទៀត សរុប ៦,៥ លាន​ដូ​ស ជាមួយ​នេះ​នៅ​តាម​ខេត្ត​សុទ្ធតែ​មាន​ស្តុក​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​រួចរាល់​ហើយ​ដែរ​។ លោក​ជំទាវ​បន្ត​ទៀត​ថា កម្ពុជា​មិន​ខ្វះ​វ៉ាក់សាំង​សម្រាប់​ការ​ចាក់​ដូ​ស​ជំរុញ​នោះ​ទេ ក្រៅពី​វ៉ាក់សាំង​នៅ​ក្នុង​ស្តុក​យើង​នៅ​មាន​វ៉ាក់សាំង​មួយ​ចំនួន​ទៀត​ដែល​ជំនួយ​របស់​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​ប្រទេស​ជា​មិត្ត​មួយ​ចំនួន​ទៀត​។ លោក​ជំទាវ​រដ្ឋលេខាធិការ​គូសបញ្ជាក់​ទៀត​ថា យើង​បាន​ពិនិត្យ​ឃើញ​ក្រោយ​ពី​មាន ការ​ស្រោច​វ៉ាក់សាំង​ទៅ​លើ​ប្រជាពលរដ្ឋ ១០ លាន​នាក់​ដែល​ជា​គោលដៅ​ចាក់​វ៉ាក់សាំង ដែល​តួលេខ​យើង​ចាក់​បាន​ប្រមាណ​៩៩​ភាគរយ ស្ទើរតែ​១០០​ភាគរយ​ទៅ​ហើយ​នោះ ដូច្នេះ​ប្រជាជន​មាន​ករណី​ឆ្លង​ខ្លះ​ដែរ​។ ប៉ុន្តែ​មិន​មាន​ចេញ​រោគ​សញ្ញា​នោះ​ទេ បាន​សេចក្តី​ថា​គាត់​មាន​វិជ្ជមាន​គឺ​គាត់​ទៅ​ព្យាបាល​នៅផ្ទះ​យ៉ាងច្រើន​កាត់​មាន​មាន​ឈឺ​ក​តិចតួច ហើយ​គាត់​នៅផ្ទះ​បន្ត​ធ្វើការ​ពិនិត្យ​ព្យាបាល​ដោយ​ខ្លួនឯង​។ លោក​ជំទាវ​បាន​លើក​ឡើង​ថា ដូច​គ្នា​ដែល​នៅ​តាម​រោងចក្រ​សហគ្រាស​កម្មករ​រោងចក្រ​ពេល​ត្រឡប់​មក​ពី​បុណ្យ​ភ្ជុំបិណ្ឌ​វិញ គាត់​ធ្វើការ​ពិនិត្យ​សំណាក​តាម​រយៈ​តេស្ត​រហ័ស ហើយ​ក៏​មាន​ឃើញ​វិជ្ជមាន​ដែរ ប៉ុន្តែ​វា​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទាំងអស់​។ ដូច្នេះ​គាត់​ទៅ​សម្រាក​ព្យាបាល​នៅផ្ទះ ហើយ​រាល់​ថ្ងៃនេះ​យើង​ឃើញ​ព័ត៌មាន​ចេញ​ជា​ប្រចាំ​ថ្ងៃ​ករណី​វិជ្ជមាន​ត្រឹមតែ​ចន្លោះ​ពី ២០០ ទៅ​ជាង​២០០​នាក់ បាន​ន័យ​ថា ករណី​ឆ្លង​មាន​រោគ​សញ្ញា គឺ​មាន​តែ​ជាង​ពីរ​រយ​នោះ​ឯង ហើយ​វា​មិនមែន​ជា​ការ​ឆ្លង​ជា​គំ​ហុ​គ​ដែល​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នោះ​ទេ​។

ពាក់ព័ន្ធ​និង​សំណួរ​ពី​ការ​បើក​សេដ្ឋកិច្ច​សង្គម​ឡើង​វិញ លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ថ្លែង​ថា គណៈកម្មការ​អន្តរក្រសួង ក៏​ដូច​ជា​គណៈ​ប្រចាំការ​និង​រៀបចំ​គោលនយោបាយ ដើម្បី​ត្រៀម​បើក​ប្រទេស​ឡើង​វិញ​ហើយ​បើក​យើង​ត្រូវ​តែ​ប្ដូរ​ឥរិយាបថ​រស់នៅ​ក្នុង​គន្លង​ថ្មី​។ បើ​មិន​ដូច្នេះ​ទេ​ថ្ងៃក្រោយ​ទៅ គឺ​យើង​មិន​អាច​បន្ត​បិទ​ប្រទេស​បាន​ទេ យើង​ចាំបាច់​ត្រូវ​តែ​រស់នៅ​ជាមួយ នឹង​វីរុស​នេះ ដោយ​អនុវត្តន៍​នូវ​៣​កុំ ៣ ការពារ យើង​ត្រូវ​បើក​ទាំង​សេដ្ឋកិច្ច​, ទាំង​វិស័យ​អប់រំ​និង​វិស័យ​ផ្សេង​ៗ​ទៀត​តែ​ដោយ​ភាព​ប្រយ័ត្នប្រយែង​បើ​យើង​អនុ វត្ត​បាន​បី​កុំបី​ការពារ​គឺ​យើង​អាច​បើក​បាន​ហើយ ប្រមុខ​រាជរដ្ឋាភិបាល​នឹង​សម្រេច​នូវ​ផែនការ​ដែល​គណៈកម្មការ​បាន​រៀបចំ​ជូន​។ បើ​តាម​លោក​ជំទាវ យក់ សម្បត្តិ​បានឱ្យ​ដឹង​ថា ល្ងាច​ថ្ងៃនេះ នឹង​មាន​កិច្ចប្រជុំ​ជាមួយនឹង​ឧបនាយករដ្ឋមន្ត្រី​ដែល​ជា​ប្រធាន​គណៈ​ប្រចាំការ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១៩ ថា​តើ​វិស័យ​អ្វីខ្លះ​ដែល​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ ហើយ​យើង​ត្រូវ​រៀនរ​ស់បែប​ណាខ្លះ​ដើម្បី​បើក​សេដ្ឋកិច្ច​និង​បើក​ប្រទេស​យើង​ឡើង​វិញ​។ លោក​ជំទាវ​បន្ត​ថា សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ហើយ​ថា វិស័យ ទេសចរណ៍​គឺជា​វិស័យ​សំខាន់​ហើយ​ដែល​បញ្ហា​សំខាន់​គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យ​បាន​គ្រប់​គ្នា​។ ទន្ទឹម​នេះ​ដែរ ក្រសួងទេសចរណ៍ ជាមួយនឹង​គណៈកម្មការ​អន្តរក្រសួង​ក៏​ដូច​ជា​គណៈ​ប្រចាំការ កំពុង​តែ​ពិភាក្សា​ហើយ ឯកសារ​គោលនយោបាយ​យុទ្ធសាស្ត្រ របស់​ក្រសួងទេសចរណ៍ យើង​កំពុង​ដាក់​ឆ្លង​គណៈកម្មការ​ហើយ ដើម្បី​ពិនិត្យ​មើល​ថា យើង​ត្រូវ​សង្កត់ធ្ងន់​ទៅ​លើ​ប្រទេស​ណាខ្លះ​ដែល​មាន​ហានិភ័យ​ទាប​ហើយ​ប្រទេស​ណាខ្លះ​ដែល​មាន​ហានិភ័យ​ខ្ពស់ ហើយ​ពេល​ចូល​មក​ត្រូវ​មាន​អ្វីខ្លះ គឺ​យើង​មាន​ឯកសារ​គ្រប់គ្រាន់ ហើយ​ប្រហែលជា​ចុងឆ្នាំ​នេះ​ក្រសួងទេសចរណ៍​នឹង​ដាក់​ជូន​ទៅ​គណកម្មការ​ដើម្បី សុំ​សេច ក្តី​សម្រេច​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​។

គួរ​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​-១៩​ចំនួន ៣៧,៥ លាន​ដូ​ស​ហើយ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ហើយ​បើ​គិត​ទាំង​វ៉ាក់សាំង​កូ​វី​ដ​១៩​ដែល​មក​ដល់ ២​លាន​ដូ​ស​នៅ​ថ្ងៃនេះ​។ បើ​តាម​របាយការណ៍​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩​ទូ​ទាំង​ប្រទេស​គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែតុលា​ឆ្នាំ​២០២១ (​ក្រុម​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​) អ្នក​ចាក់​ដូ​ស​ទី​១ បាន​ចំនួន ៩ ៩៣២ ១៤៥ នាក់ អ្នក​ចាក់​ដូ​ស​ទី​២​បាន​ចំនួន ៩ ៥៦១ ៥៩០ នាក់ ស្មើនឹង ៩៩,៣២​ភាគរយ នៃ​ប្រជាជន​គោលដៅ​សរុប​១០​លាន​នាក់​។ អ្នក​ចាក់​ដូ​ស​ទី​៣ ចំនួន ១ ១៤៨ ៤២៧ នាក់​។ (​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ​) អ្នក​ចាក់​ដូ​ស​ទី​១​ចំនួន ១ ៧៧១ ៧០៦ នាក់ អ្នក​ចាក់​ដូ​ស​ទី​២ ចំនួន ១ ៦៥៨ ៥៧៩ នាក់​ស្មើនឹង ៩០,០៧​ភាគរយ នៃ​ក្រុម​គោលដៅ​សរុប​ជិត​២​លាន​នាក់​។ (​កុមារ អាយុ​ចាប់ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ​) អ្នក​ចាក់​ដូ​ស​ទី​១ ចំនួន ១ ៨៤១ ៩៧២ នាក់ អ្នក​ចាក់ ដូ​ស​ទី​២​ចំនួន ៩១១ ១២៨ នាក់​ស្មើនឹង ៩៧,០៨​ភាគរយ នៃ​ក្រុម​គោលដៅ​សរុប​ជិត ១​លាន​៩​សែន​នាក់​។​ប្រៀបធៀប​នឹង​ប្រជាជន​សរុប ១៦​លាន​នាក់ ស្មើនឹង ៨៤,៦៦​ភាគរយ​៕

ប្រភព៖ ក្រសួងព័ត៌មាន